ជនសង្ស័យក្នុងការវាយប្រហារនៅសាលប្រគំតន្ត្រីនៅប្រទេសរុស្ស៊ី ដែលបានបណ្ដាលឲ្យមនុស្សជាង១៣០នាក់ស្លាប់ ត្រូវបានចោទប្រកាន់នៅតុលាការក្នុងទីក្រុងមូស្គូ ។

តុលាការស្រុកបាស្មានី (Basmanny)របស់ទីក្រុងមូស្គូ បានចោទប្រកាន់ជាផ្លូវការលើបុរសជនសង្ស័យ ឈ្មោះ ដាឡើតហ្សុន មរហ្សូយ៉េវ (Dalerdzhon Mirzoyev) វ័យ៣២ឆ្នាំ ជនសង្ស័យឈ្មោះ សៃដាក្រាមី រ៉ាចាបាលីហ្សូដា (Saidakrami Rachabalizoda)វ័យ៣០ឆ្នាំ ជនសង្ស័យ ឈ្មោះ មូកាំម៉ាដសូប៊រ ហ្វៃហ្សូវ (Mukhammadsobir Faizov) វ័យ១៩ ឆ្នាំ និងជនសង្ស័យម្នាក់ទៀតឈ្មោះ ហ្សាមស៊ីឌីន ហ្វារីឌូនី (Shamsidin Fariduni) វ័យ២៥ឆ្នាំ ពីបទជាប់ពាក់ព័ន្ធនឹងការវាយប្រហាររបស់ក្រុមភេរវករមួយក្រុមដែលបានសម្លាប់មនុស្សដ៏រង្គាល។
ពួកគេ ប្រឈមនឹងការកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត។
តុលាការបានបញ្ជាថា បុរសទាំងនោះ ដែលសុទ្ធតែជនជាតិតាជីគីស្ថានទាំងអស់ ត្រូវបានឃុំខ្លួនមុនការជម្រះក្ដី រហូតដល់ថ្ងៃទី២២ខែឧសភា។

ជនសង្ស័យ មរហ្សូយ៉េវ ជនសង្ស័យ រ៉ាចាបាលីហ្សូដា និងជនសង្ស័យម្នាក់ទៀត ឈ្មោះ ហ្វារីឌូនី បានសារភាពកំហុសទាំងអស់ បន្ទាប់ពីត្រូវបានចោទប្រកាន់។
រីឯជនសង្ស័យទី៤ ឈ្មោះហ្វៃហ្សូវ (Faizov) ត្រូវបានបញ្ជូនទៅតុលាការដោយផ្ទាល់ពីមន្ទីរពេទ្យមួយកន្លែងតាមរទេះរុញ ។ ជននេះ ត្រូវបានមើលថែដោយក្រុមវេជ្ជសាស្ត្រ ខណៈកំពុងស្ថិតក្នុងការឃុំខ្លួននៅតុលាការ ជាទីដែលរូបគេបានស្លៀកសម្លៀកបំពាក់ពេទ្យ និងមានស្នាមរបួសជាច្រើនកន្លែង។
លោក Putin បានប្ដេជ្ញាប្រឆាំងភេរវកម្មអន្តជាតិ ប៉ុន្តែពុំបានស្ដីបន្ទោសលើក្រុមរដ្ឋអ៊ីស្លាមទេ និងបានអះអាងថា ក្រុមខ្មាន់កាំភ្លើងទាំងនោះ មានជាប់ពាក់ព័ន្ធនឹងប្រទេសអ៊ុយក្រែន ដែលលោកបានចោទប្រកាន់ថា ពួកគេព្យាយាមរត់គេចចូលទៅកាន់ប្រទេសអ៊ុយក្រែន ជាទីដែលផ្លូវមួយ ត្រូវបានរៀបចំសម្រាប់ពួកគេនៅខាងដែនដីអ៊ុយក្រែន ដើម្បីឆ្លងកាត់ព្រំដែនរដ្ឋ៕