ក្រិក៖ ទីតាំងពាណិជ្ជកម្មក្នុងស្រុកទាំងអស់នៅក្នុងប្រទេសក្រិក រួមមានទាំងរោងភាពយន្ត បារ មហោស្រពនឹងត្រូវបានបើកសម្រាប់តែប្រជាជន ដែលបានចាក់វ៉ាក់សាំងបង្ការវីរុស COVID-19 រួច។

វិធានការរឹតត្បិតថ្មីនេះនឹងត្រូវអនុវត្តនៅទូទាំងប្រទេស ហើយនឹងត្រូវអនុវត្តរហូតដល់ចុងខែសីហា។ នៅទីក្រុងអាតែន វិធានការកាលពីថ្ងៃសុក្រមិនមានឥទ្ធិពលគួរឱ្យកត់សម្គាល់ លើភោជនីយដ្ឋានជាច្រើនភ្លាមៗនោះទេ ខណៈអតិថិជនតែងជ្រើសរើសការអង្គុយនៅបរិវេណខាងក្រៅ ទោះបីក្នុងរដូវក្តៅក៏ដោយ ហើយភោជនីយដ្ឋានជាច្រើនធ្វើប្រតិបត្តិការនៅខាងក្រៅ។ ការឆ្លងវីរុស COVID-19 នៅក្នុងប្រទេសក្រិកបានកើនឡើងចាប់តាំងពីចុងខែមិថុនា ដោយអាជ្ញាធរបានស្តីបន្ទោសចំពោះការធ្វេសប្រហែសនៅក្នុងបារ និងភោជនីយដ្ឋាន ក៏ដូចជាការរាលដាលនៃវីរុសបម្លែងខ្លួនថ្មី Delta ដែលឆ្លងរាលដាលខ្ពស់។
ប្រជាជនជាង ៤០% បានទទួលការចាក់វ៉ាក់សាំងពេញលេញ ប៉ុន្តែការណាត់ជួបទទួលវ៉ាក់សាំងបានធ្លាក់ចុះក្នុងប៉ុន្មានសប្ដាហ៍ថ្មីៗនេះ។ ការរាំងខ្ទប់រយៈពេលវែង និងការធ្លាក់ចុះយ៉ាងខ្លាំងនៃវិស័យទេសចរណ៍ក្នុងឆ្នាំ២០២០ បានរារាំងការស្តារឡើងវិញនៃហិរញ្ញវត្ថុរបស់ប្រទេស ហើយបានផ្លាស់ប្ដូរប្រទេសក្រិកទៅក្នុងវិបត្តិសេដ្ឋកិច្ច ដែលសេដ្ឋកិច្ចរបស់ប្រទេសនេះបានធ្លាក់ចុះ ៨,២% កាលពីឆ្នាំមុន៕
អត្ថបទ៖ ប៊ុនថន