សារព័ត៌មាន FT បានរាយការណ៍កាលពីថ្ងៃអាទិត្យ (២៤ មីនា) ថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) និងនាយករដ្ឋមន្ត្រីជប៉ុន លោក ហ៊្វូមីអូ គីស៊ីដា (Fumio Kishida) នឹងបង្ហាញផែនការមួយនៅខែក្រោយ ក្នុងការរៀបចំរចនាសម្ព័ន្ធបញ្ជាការយោធាអាមេរិក នៅក្នុងប្រទេសជប៉ុនឡើងវិញ ដើម្បីប្រឈមមុខនឹងការព្រួយបារម្ភរួមគ្នាអំពីប្រទេសចិន។

សារព័ត៌មាន FT បានរាយការណ៍ដោយសំអាងដល់ប្រភពដែលដឹងពីស្ថានភាពនេះថា ផែនការនេះនឹងពង្រឹងការធ្វើគម្រោងប្រតិបត្តិការ និងសមយុទ្ធយោធារវាងប្រទេសទាំងពីរ។

សារព័ត៌មាននេះបានបន្ថែមថា ផែនការនោះនឹងត្រូវប្រកាសនៅសេតវិមាននៅថ្ងៃទី១០ ខែមេសា នៅពេលដែលលោក បៃដិន គ្រោងនឹងធ្វើជាម្ចាស់ផ្ទះទទួលលោក គីស៊ីដា នៅក្នុងព្រឹត្តិការណ៍ផ្លូវការមួយ ដែលនឹងរួមបញ្ចូលអាហារពេលល្ងាចរដ្ឋ និងកិច្ចប្រជុំគោលនយោបាយ។

ជប៉ុនជាសម្ព័ន្ធមិត្តជិតស្និទ្ធ និងជាសមាសធាតុសំខាន់នៃយុទ្ធសាស្ត្ររបស់អាមេរិកចំពោះចិន កូរ៉េខាងជើង និងបញ្ហាសន្តិសុខអាស៊ីផ្សេងទៀត។ ទីក្រុងវ៉ាស៊ីនតោន បានគាំទ្រយ៉ាងមុតមាំលើការកសាងយោធាដ៏ធំមួយដោយប្រទេសជប៉ុន ខណៈដែលសកម្មភាពយោធា និងសន្តិសុខរវាងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអាស៊ីសំខាន់ៗរបស់ខ្លួនបានពង្រឹង៕