ទូរទស្សន៍ KRT ដែលគ្រប់គ្រងដោយរដ្ឋ បានរាយការណ៍នៅថ្ងៃចន្ទ (២៥ មីនា) នេះថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) បានទៅត្រួតពិនិត្យអង្គភាពរថក្រោះមួយ និងបានអំពាវនាវឱ្យបង្កើនការត្រៀមខ្លួនប្រយុទ្ធផ្លូវអាកាសរបស់ខ្លួន រួមទាំង «អំណាចមនោគមវិជ្ជា និងផ្លូវចិត្ត»។

ក្នុងអំឡុងពេលនៃដំណើរចុះពិនិត្យកាលពីថ្ងៃអាទិត្យ (២៤ មីនា) នោះ មេបញ្ជាការកងពលបានប្រាប់លោក គីម ដោយសង្ខេបអំពីផែនការប្រតិបត្តិការវាយប្រហារ និងការពាររបស់ខ្លួន ការពិនិត្យឯកសារ និងផ្តល់ទិសដៅនៃបេសកកម្មប្រយុទ្ធ និងការហ្វឹកហ្វឺនសម្រាប់កងទ័ព នេះបើយោងតាមរបាយការណ៍របស់ KRT ។
ទូរទស្សន៍ KRT បានចេញផ្សាយរូបថតដែលលោក គីម ពិនិត្យមើលទីស្នាក់ការកណ្តាលរបស់អង្គភាពកងពលរថក្រោះ សេអ៊ូល រូឃ្យុងស៊ូ ហ្កាដ លេខ ១០៥ (Seoul Ryu Kyong Su Guards 105th) នៃកងទ័ពប្រជាជនកូរ៉េ (KPA) និងកងវរសេនាធំថ្មើរជើងរថពាសដែកទីមួយ រួមទាំងសមយុទ្ធរថក្រោះ។

អង្គភាពនេះ គឺជាកងពលរថពាសដែកដំបូងគេរបស់កូរ៉េខាងជើង ដែលបានចាប់ផ្តើមនៅឆ្នាំ១៩៤៨ ហើយត្រូវបានគេស្គាល់ថាមានមូលដ្ឋាននៅក្នុងខេត្ត ណស ហ័ងអ្ហេ (North Hwanghae) ភាគខាងកើតនៃរដ្ឋធានីព្យុងយ៉ាង។
វាត្រូវបានគេដាក់ឈ្មោះតាមមេបញ្ជាការស្ថាបនិករបស់ខ្លួន ដែលក៏បានដឹកនាំអង្គភាពនេះផងដែរ នៅពេលដែលកងទ័ពកូរ៉េខាងជើង បានកាន់កាប់ទីក្រុងសេអ៊ូល ក្នុងអំឡុងសង្គ្រាមកូរ៉េឆ្នាំ ១៩៥០ ដល់ ១៩៥៣៕