ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំប្រទេសអ៊ីរ៉ាក់ លោកស្រី អាលីណា រ៉ូម៉ាណូវស្គី (Alina Romanowski) បានប្រាប់សារព័ត៌មាន រ៉យទ័រ ក្នុងបទសម្ភាសន៍មួយថា ក្រុមរដ្ឋឥស្លាមនៅតែបង្កការគំរាមកំហែងនៅក្នុងប្រទេសអ៊ីរ៉ាក់ ហើយការងាររបស់សម្ព័ន្ធយោធាដឹកនាំដោយសហរដ្ឋអាមេរិកជាមួយអ៊ីរ៉ាក់ ដើម្បីកម្ចាត់ក្រុមនេះទាំងស្រុង គឺមិនទាន់បានសម្រេចនោះទេ។

ការលើកឡើងរបស់លោកស្រី រ៉ូម៉ាណូវស្គី នៅស្ថានទូតអាមេរិកក្នុងទីក្រុងបាកដាដនេះ ធ្វើឡើងបន្ទាប់ពីក្រុមរដ្ឋអ៊ីស្លាមសាខាអាហ្វហ្គានីស្ថាន (ISIS-K) បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារកាលពីថ្ងៃសុក្រ នៅឯការប្រគុំតន្ត្រីរ៉ុកក្បែរទីក្រុងមូស្គូ ដែលក្នុងនោះមនុស្ស ១៣៧ នាក់ត្រូវបានសម្លាប់។

អ្នកនយោបាយជាន់ខ្ពស់របស់អ៊ីរ៉ាក់ រួមទាំងលោកនាយករដ្ឋមន្ត្រី ម៉ូហាម៉េដ សៀ អាល់ស៊ូដានី (Mohammed Shia al-Sudani) បាននិយាយម្តងហើយម្តងទៀតថា ក្រុមនេះលែងបង្កការគំរាមកំហែងនៅអ៊ីរ៉ាក់ទៀតហើយ ហើយក្រុមចម្រុះអាមេរិកមិនចាំបាច់មានទៀតទេ បើទោះបីជាសាខារបស់ក្រុមភេរវករនេះបន្តធ្វើការវាយប្រហារនៅកន្លែងផ្សេងក៏ដោយ។

នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងជួបជាមួយប្រធានាធិបតីអាមេរិក ចូ បៃដិន (Joe Biden) នៅទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃទី១៥ ខែមេសា ខាងមុខដើម្បីពិភាក្សាអំពីអនាគតនៃក្រុមចម្រុះ។
ខណៈពេលដែលបេសកកម្មរបស់ក្រុមចម្រុះគឺផ្តល់ដំបូន្មាន និងជួយដល់កងកម្លាំងអ៊ីរ៉ាក់ ក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមរដ្ឋឥស្លាម ក្រុមមន្ត្រីលោកខាងលិចបាននិយាយថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនក៏មើលឃើញវត្តមានរបស់ក្រុមចម្រុះនេះនៅក្នុងប្រទេសអ៊ីរ៉ាក់ ថាជាការពិនិត្យមើលឥទ្ធិពលរបស់អ៊ីរ៉ង់ផងដែរ៕