ក្រុមអ្នកជំនាញដែលធ្វើការជាមួយជនអន្តោប្រវេសន៍ និងជនគ្មានផ្ទះសម្បែងនៅទីក្រុងប៉ារីស បានតវ៉ាកាលពីថ្ងៃអាទិត្យ (២៤ មីនា) ក្នុងរដ្ឋធានីប្រទេសបារាំង ប្រឆាំងទៅនឹងអ្វីដែលពួកគេហៅថា «ការបោសសម្អាតសង្គម» នៅមុនព្រឹត្តិការណ៍កីឡាអូឡាំពិក ឆ្នាំ២០២៤។

ក្រុមអ្នកតវ៉ា បានដំឡើងផ្លាកសញ្ញាដែលមានសរសេរសាររិះគន់ការប្រកួតកីឡានេះ នៅលើរូបសំណាកនៅកន្លែងផ្សេងៗក្នុងទីក្រុង ដើម្បីអំពាវនាវឱ្យមានវិធានការណ៍ដើម្បីការពារក្រុមប្រជាជនងាយរងគ្រោះ។
បាតុករបានបញ្ចប់ការតវ៉ាដោយគប់កៅស៊ូកងនៅក្នុងសួនទឹក លុចសំបួ (Luxembourg) ដែលស្ថិតនៅខាងក្រោយព្រឹទ្ធសភាបារាំង។ ក្រុមអ្នករៀបចំការតវ៉ានិយាយថា សមាជិកនៃអង្គការរបស់ពួកគេ បានមើលឃើញអាជ្ញាធរ ដែលកំពុងធ្វើការដើម្បីរុញប្រជាជនក្រីក្រចេញពីទីក្រុងប៉ារីស ក្នុងល្បឿនកើនឡើងដែលមិនធ្លាប់មាន ដើម្បីបង្កើតកន្លែងសម្រាប់កីឡាអូឡាំពិក។

អាជ្ញាធរបារាំងបាននិយាយថា លំនៅឋានសង្គ្រោះបន្ទាន់ចំនួន ១២០.០០០ ខ្នង ត្រូវបានបង្កើតឡើងនៅក្នុងតំបន់ប៉ារីស ប៉ុន្តែក្រុមអ្នករិះគន់និយាយថា លំនៅដ្ឋានដែលមានតម្លៃសមរម្យគឺត្រូវការជាចាំបាច់ដើម្បីដោះស្រាយស្ថានការណ៍ពិតប្រាកដ។

ព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ២០២៤ នេះ នឹងដំណើរការពីថ្ងៃទី២៦ ខែកក្កដាដល់ថ្ងៃទី១១ ខែសីហា និងការប្រកួតប៉ារ៉ាឡាំពិកចាប់ពីថ្ងៃទី២៨ ខែសីហា ដល់ថ្ងៃទី០៨ ខែកញ្ញា៕