រាជរដ្ឋាភិបាល និងរដ្ឋសភាជាតិ នៃកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសយ៉ាងខ្លាំងក្លា បំផុតចំពោះអំពើវាយប្រហារដ៏សាហាវឃោរឃៅក្នុងការវាយប្រហារភេរវកម្មនៅសាលមហោស្រព ទីក្រុងមូស្គូ សហព័ន្ធរុស្ស៊ី កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ បណ្តាលមនុស្សស្លាប់ និងរបួសរាប់រយនាក់។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាស្តីពីការវាយប្រហារភេរវកម្ម នៅសាលមហោស្រព នៅទីក្រុងមូស្គូ សហព័ន្ធរុស្ស៊ី បានបង្ហាញក្តីរន្ធត់ចំពោះការស្លាប់បាត់បង់ជីវិត និងរបួសមនុស្សរាប់រយនាក់ នៅក្នុងការវាយប្រហារភេរវកម្មនៅសាលមហោស្រពទីក្រុងមូស្គូ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ ២០២៤។ រាជរដ្ឋាភិបាលកម្ពុជាថ្កោលទោសយ៉ាងខ្លាំងក្លាបំផុតចំពោះអំពើវាយប្រហារដ៏សាហាវឃោរឃៅនេះ។
រាជរដ្ឋាភិបាលកម្ពុជាបានសម្តែងនូវមរណទុក្ខដ៏ក្រៀមក្រំបំផុត និងសមានចិត្តដ៏ជ្រាលជ្រៅជូនចំពោះគ្រួសារជនរងគ្រោះ និងរដ្ឋាភិបាលនៃសហព័ន្ធរុស្ស៊ី ហើយជូនពរឱ្យអ្នករងរបួសទាំងអស់បានជាសះស្បើយឆាប់រហ័ស។
តាមរយៈសេចក្ដីថ្លែងការណ៍ កម្ពុជាធ្វើការបញ្ជាក់ជាថ្មីម្តងទៀតថា ទង្វើភេរវកម្មណាក៏ដោយគឺជាបទឧក្រិដ្ឋដែលមិនអាចមានហេតុផលណាមួយជាសំអាងបានឡើយ ទោះបីជាប្រព្រឹត្តក្នុងគោលបំណងណាមួយ និងដោយបុគ្គលណាក៏ដោយ។ កម្ពុជាសម្តែងនូវសាមគ្គីភាពជាមួយរដ្ឋាភិបាល និងប្រជាជនរុស្ស៊ីនៅក្នុងអំឡុងពេលវេលាដ៏ក្រៀមក្រំនេះ៕ អត្ថបទ៖ វ៉ន ដារ៉ា

