ជប៉ុន៖ បាតុករច្រើននាក់បានដើរនៅតាមដងផ្លូវនានាក្នុងទីក្រុងតូក្យូ ដើម្បីតវ៉ាប្រឆាំងការប្រកួតកីឡាអូឡាំពិកក្រុងតូក្យូកាលពីថ្ងៃសុក្រ មួយសប្ដាហ៍មុនពិធីបើកព្រឹត្តិការណ៍។ ព្រឹត្តិការណ៍កីឡាអូឡាំពិក និងប៉ារ៉ាឡាំពិកមានការចូលរួមពីអត្តពលិកចំនួន ១៥.៤០០នាក់ និងមនុស្សរាប់ពាន់នាក់ទៀតចូលមកក្នុងប្រទេសជប៉ុន រួមមានទាំងប្រព័ន្ធផ្សព្វផ្សាយ មន្ត្រី និងអាជ្ញាកណ្តាល និងអ្នកកាត់ក្តី។

មានការពន្យារពេលរួចទៅហើយរយៈពេល ១២ខែដោយសារវីរុសរាតត្បាត ហើយការប្រកួតកីឡានឹងត្រូវបានធ្វើឡើងមានអ្នកគាំទ្រចូលរួមតិចបំផុត។ អ្នកទស្សនាមកពីបរទេសត្រូវបានហាមឃាត់ជាច្រើនខែកន្លងមកហើយ ហើយកាលពីសប្តាហ៍មុនទីក្រុងតូក្យូ និងខេត្តជិតខាងចំនួន ៣ បានហាមអ្នកគាំទ្រក្នុងតំបន់ទាំងអស់។ ករណីឆ្លងថ្មីវីរុស COVID-19 កាលពីថ្ងៃសុក្រក្នុងទីក្រុងតូក្យូត្រូវបានគេរាយការណ៍ថា មានចំនួន ១.២៧១ករណីជាករណីកើនខ្ពស់ជាងសប្ដាហ៍មុន។ ករណីថ្មីកាលពីថ្ងៃព្រហស្បតិ៍ត្រូវបានគេរាយការណ៍ថា មានចំនួន ១.៣០៨ករណីដែលខ្ពស់បំផុតក្នុងរយៈពេល ៦ខែកន្លងទៅនេះ៕
អត្ថបទ៖ ប៊ុនថន