ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា បានជំរុញ និងលើកទឹកចិត្តដល់ក្រុមកីឡាតេក្វាន់ដូ ITF ជម្រើសជាតិកម្ពុជា ត្រូវខិតខំប្រឹងប្រែងហ្វឹកហាត់ឲ្យបានខ្លាំងក្លា ដើម្បីត្រៀមចូលរួមប្រកួតប្រជែងមេដាយ នៅក្នុងការប្រកួតតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ី នៅប្រទេសឥណ្ឌា នាខែសីហា ឆ្នាំ២០២៤ ខាងមុខ ។

ការជំរុញនេះ ធ្វើឡើងក្នុងមហាសន្និបាតបញ្ចប់អាណត្តិទី៦ និងបន្តអាណត្តិថ្មីទី៧ ឆ្នាំ២០២៤-២០២៨ របស់សហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) កាលពីថ្ងៃទី២៤ ខែមីនា ស្របពេលឯកឧត្តមទេសរដ្ឋមន្ដ្រី ត្រូវបានសមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធ បោះឆ្នោតគាំទ្រធ្វើជាប្រធានសហព័ន្ធអាណត្ដិថ្មីបន្ដទៀត ។

ឯកឧត្តម កែវ រ៉េមី មានប្រសាសន៍ថា បច្ចុប្បន្នសហព័ន្ធបានត្រៀមកញ្ចប់ថវិកាគ្រប់គ្រាន់ សម្រាប់ចំណាយលើការបញ្ជូនប្រតិភូកីឡាតេក្វាន់ដូ ITF កម្ពុជា ចូលរួមប្រកួតជើងឯកអាស៊ី នៅឥណ្ឌា នាខែសីហាខាងមុខ ដោយប្រមូលបានប្រមាណ ២ម៉ឺនដុល្លារ ពីសមាជិកសហព័ន្ធ ។ ដូច្នេះដើម្បីតបស្នងជាមួយការលះបង់របស់ម្ចាស់ឧបត្ថម្ភគាំទ្រនេះ ឯកឧត្តមបានជំរុញឲ្យក្រុមជម្រើសជាតិគប្បីត្រូវខំប្រឹងហាត់ ដើម្បីពង្រឹងសមត្ថភាពឆ្ពោះទៅដណ្ដើមមេដាយ និងកិត្តិយសជូនជាតិក្នុងព្រឹត្តិការណ៍ប្រចាំទ្វីបនេះ ។

ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាប្រធានសហព័ន្ធដដែលបន្ដថា តេក្វាន់ដូ ITF កម្ពុជា គឺបានឈរលេខ២ ក្នុងទ្វីបអាស៊ី កាលពីប្រកួតជើងឯកអាស៊ី ឆ្នាំ២០១៨ នៅប្រទេសម៉ុងហ្គោលី និងឈរលេខ១៣ ពិភពលោក ដែលមានសមាជិកជិត ៩០ប្រទេស សម្រាប់ការប្រកួតតេក្វាន់ដូ ITF ជើងឯកពិភពលោក ឆ្នាំ២០១៩ នៅប្រទេសប៊ុលហ្គារី ។ ដូច្នេះនេះគឺជាមោទនភាពជាតិមួយ ដែលគ្រួសារកីឡាតេក្វាន់ដូ ITF កម្ពុជា ត្រូវបន្ដខំប្រឹង ដើម្បីរក្សា និងដណ្ដើមសមិទ្ធផលថ្មីៗជូនប្រទេសជាតិបន្ថែមទៀត ។

ឆ្លៀតឱកាសនៃមហាសន្និបាតបញ្ចប់អាណត្ដិចាស់ បន្ដអាណត្ដិថ្មីនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសិស្សគុនកីឡាតេក្វាន់ដូ ITF ទាំងអស់ ដែលខិតខំហ្វឹកហាត់បង្កើនគុណភាពបច្ចេកទេស ព្រមទាំងរក្សាបាននូវកិត្តិយស សេចក្តីថ្លៃថ្នូរ មិនធ្លាប់បង្កផលប៉ះពាល់អ្វីសង្គមជាតិ ហើយអ្វីដែលពិសេស កីឡាករ-កីឡាការិនីតេក្វាន់ដូ ITF ទាំងអស់ តែងសាងនូវភាពជាគំរូ តាមរយៈការខិតខំហ្វឹកហាត់ និងប្រកួតប្រជែងមេដាយជូនជាតិមាតុភូមិជាបន្ដបន្ទាប់ គ្រាដែលសមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធ ក៏បានលះបង់ខ្ពស់ក្នុងស្មារតីសាមគ្គីភាពផ្ទៃក្នុងដី ដើម្បីជំរុញការអភិវឌ្ឍន៍កីឡានេះផងដែរ៕ អត្ថបទ លី ឈុនឡា

