ចលនាហេសបូឡាដ៏មានឥទ្ធិពលនៅប្រទេសលីបង់កាលពីថ្ងៃអាទិត្យ បានប្រកាសពីការស្លាប់របស់យុទ្ធជនពីរនាក់ ក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ដោយចោទប្រកាន់ប្រទេសនេះថា បានព្យាយាមពង្រីកការវាយប្រហាររបស់ខ្លួន។
ការចោទប្រកាន់នេះ បានកើតឡើង បន្ទាប់ពីប្រភពសន្តិសុខរាយការណ៍ពីការវាយឆ្មក់តាមអាកាសរបស់ អ៊ីស្រាអែលចំនួនពីរ ចូលជ្រៅក្នុងប្រទេសលីបង់ភាគខាងកើត។

អ៊ីស្រាអែល និងក្រុមហេសបូឡាជាក្រុមសកម្មប្រយុទ្ធលីបង់ ដែលជាសម្ព័ន្ធមិត្តនឹងក្រុមហាម៉ាស បាននិងកំពុងបាញ់គ្នាឆ្លងព្រំដែនស្ទើរតែរាល់ថ្ងៃ ចាប់តាំងពីសង្រ្គាមនៅតំបន់ហ្កាហ្សា រវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស បានចាប់ផ្តើមកាលពីខែតុលាឆ្នាំមុន។
ប៉ុន្តែការភ័យខ្លាចបានកើនឡើងចំពោះជម្លោះពេញទំហឹងមួយកាលពីប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយអ៊ី ស្រាអែលបើកការវាយប្រហារតាមអាកាសកាន់តែជ្រៅទៅក្នុងប្រទេសលីបង់ភាគខាងកើត និងកំណត់គោលដៅលើបន្ទាយមួយចំនួនក្រុមហេសបូឡានៅតំបន់ជ្រលងភ្នំ Bekaa ជាច្រើនលើក។
លោក Naim Qassem អនុប្រធានក្រុមហេសបូឡា បាននិយាយកាលពីថ្ងៃអាទិត្យថា៖«បច្ចុប្បន្ន សត្រូវកំពុងព្យាយាមពង្រីកការវាយប្រហាររបស់ខ្លួនប្រឆាំងនឹងជនស៊ីវិលនៅទីក្រុង Baalbek នៅជ្រលងភ្នំ Bekaa ភាគខាងលិច ឬកន្លែងផ្សេងទៀត»។