អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បញ្ជាក់ថា ការចាប់ឆ្នោតលេខរៀងរបស់គណបក្សនយោបាយសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុង-ស្រុក និងខណ្ឌ អាណត្តិទី៤ បានបិទបញ្ចប់ដោយរលូន។
ថ្លែងប្រាប់ BTV នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប បានឱ្យដឹងថា បន្ទាប់ពី គ.ជ.ប បានដំណើរការចុះបញ្ជីគណបក្សនយោបាយ និងការចុះបញ្ជីបេក្ខជនឈរបោះឆ្នោតចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌ ដែលបានអនុវត្តរយៈពេលបីសប្តាហ៍មកនេះ គ្រប់គណៈកម្មការរាជធានី-ខេត្តរៀបចំការបោះឆ្នោតទាំង២៥ បានបិទបញ្ចប់រួចរាល់ទៅដោយរលូនទាំងការចុះបញ្ជីគណបក្សនយោបាយ, ការចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត និងការចាប់ឆ្នោតលេខរៀង។ ឯកឧត្តម បន្តថា ក្នុងចំណោមគណបក្សនយោបាយទាំង៥ មានតែគណបក្សប្រជាជនកម្ពុជាមួយប៉ុណ្ណោះដែលបានដាក់ចុះបញ្ជី និងដាក់បេក្ខជនឈរឈ្មោះបោះឆ្នោតរបស់ខ្លួនទៅទូទាំងប្រទេស។
បន្ទាប់ពីបិទបញ្ចប់ការចុះបញ្ជីបេក្ខជន និងការចាប់ឆ្នោតលេខរៀងគណបក្សនយោបាយ ឯកឧត្តម បានឱ្យដឹងដែរថា គ.ជ.ប បានចាប់ផ្តើមទទួលការស្នើសុំចូលរួមសង្កេតការណ៍បោះឆ្នោតពីបណ្តាគណបក្សនយបាយ និងអង្គការមិនរដ្ឋាភិបាល ខណៈមកដល់ពេលនេះ គ.ជ.ប បានទទួលស្គាល់អ្នកសង្កេតការណ៍ជាតិចំនួនជាង៣០០នាក់។
អ្នកនាំពាក្យរូបនេះ លើកឡើងថា ក្រោយពីដំណើរការស្នើសុំចូលរួមសង្កេតការណ៍បោះឆ្នោតបានបញ្ចប់ គ.ជ.ប នឹងត្រៀមសម្រាប់ដំណាក់កាលឃោសនារកសំឡេងឆ្នោតដែលនឹងប្រព្រឹត្តនាដើមខែឧសភាខាងមុខ។
សូមជម្រាបថា គ.ជ.ប បានប្រកាសទទួលស្គាល់ជាផ្លូវការចំពោះគណបក្សនយោបាយចំនួន៥ ឱ្យចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ ក្នុងនោះ រួមមាន៖ គណបក្សប្រជាជនកម្ពុជា, គណបក្សឆន្ទៈខ្មែរ, គណបក្សកម្លាំងជាតិ, គណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សខ្មែររួបរួមជាតិ។ ការបោះឆ្នោតនេះនឹងប្រព្រឹត្តទៅនាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ខាងមុខ ដោយមានអង្គបោះឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ក្នុងមុខតំណែង៕ អត្ថបទ សេក ឧត្តម