គណបក្សប្រឆាំងរបស់ប្រទេសឥណ្ឌា និងអ្នកគាំទ្ររបស់ពួកគេ បានមកប្រមូលផ្តុំគ្នាតវ៉ាជុំវិញការចាប់ខ្លួនមេដឹកនាំគណបក្សប្រឆាំង ប៉ុន្មានសប្តាហ៍មុនការបោះឆ្នោតសកលនៅក្នុងខែមេសាខាងមុខនេះ។ រដ្ឋមន្ត្រីទីក្រុងដេលី លោក អាវីន កេរីវ៉ាល(Arvind Kejriwal) ត្រូវបានចាប់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ ពាក់ព័ន្ធទៅនឹងការចោទប្រកាន់អំពើពុករលួយ ជាប់ទាក់ទងនឹងគោលនយោបាយផលិតផលស្រារបស់ទីក្រុង។

លោកធ្លាប់ជាអ្នករិះគន់យ៉ាងខ្លាំងចំពោះការគ្រប់គ្រងរដ្ឋាភិបាលកណ្តាលរបស់ នាយករដ្ឋមន្ត្រី លោក Narendra Modi។ គណបក្សប្រឆាំងនិយាយថា ការចាប់ខ្លួនលោក គឺខុស និងមានហេតុផលនយោបាយ ដើម្បីធ្វើឲ្យជះឥទ្ធិពលដល់ការបោះឆ្នោតសកល។

ពួកគេ បានធ្វើការតវ៉ាយ៉ាងខ្លាំងក្នុងរដ្ឋធានីញូវដេលី។ បាតុករប្រហែល ៥០០នាក់ រួមទាំងមេដឹកនាំ និងអ្នកគាំទ្រគណបក្ស អាអាម អាតមី(Aam Aadmi) របស់លោក Kejriwal បានចូលរួមក្នុងការប្រមូលផ្តុំមួយដោយស្រែកថា លោក Modi កំពុងព្យាយាមបំផ្លាញលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសឥណ្ឌា។
ពួកគេបានបន្តស្រែកពាក្យផ្សេងៗប្រឆាំងរដ្ឋាភិបាល បន្ទាប់ពីបាតុករមួយចំនួន ត្រូវបាននគរបាលរុញចូលក្នុងរថយន្តក្រុង។ ប្លុកប្រឆាំងមានផែនការធ្វើបាតុកម្មទ្រង់ទ្រាយធំមួយនៅរដ្ឋធានីនៅថ្ងៃទី ៣១ ខែមីនា។ គណបក្សកំពុងកាន់អំណាច ដឹកនាំដោយលោក Modi និយាយថា ខ្លួននឹងបន្តប្រយុទ្ធប្រឆាំងអំពើពុករលួយ និងជំរុញឱ្យលោក Kejriwal ចុះចេញពីតំណែង។