រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានសម្រេចចេញអនុក្រឹត្យស្ដីពីការសម្រេចបង្កើតទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ា ដែលមានអក្សរកាត់ថា ទ.ក.ប.ដ ឬ CADA ដើម្បីធានា និងរក្សាបាននូវភាពស្អាតស្អាតស្អំក្នុងវិស័យកីឡា ដោយគោរពតាមច្បាប់អន្ដរជាតិ ។
យោងតាមអនុក្រឹត្យ ដោយផ្អែកលើសំណើររបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានកំណត់នូវបទប្បញ្ញត្ដិទូទៅ ដើម្បីចូលរួមអនុវត្តអនុសញ្ញាអន្ដរជាតិប្រឆាំងនឹងការប្រើប្រាស់សាធារធាតុដូប៉ាក្នុងវិស័យកីឡា និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ។
សម្រាប់តួនាទី និងភារកិច្ចរបស់ទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ា ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល លើការអនុវត្តអនុសញ្ញាអន្ដរជាតិប្រឆាំងនឹងការប្រើប្រាស់សារធាតុដូប៉ាក្នុងវិស័យកីឡា គឺមានភារកិច្ចដូចជា៖
- រៀបចំគោលនយោបាយ ផែនការយុទ្ធសាស្ដ្រ ផែនការសកម្មភាព បទប្បញ្ញត្ដិផ្សេងៗពាក់ព័ន្ធនឹងការប្រឆាំងដូប៉ាក្នុងវិស័យកីឡា
- ផ្សព្វផ្សាយបទប្បញ្ញត្ដិដទៃទៀត និងអនុម័តលក្ខន្ដិកៈប្រឆាំងដូប៉ាក្នុងវិស័យកីឡា
- ស្រាវជ្រាវសារធាតុ និងវិធីសាស្ដ្រដែលត្រូវបានហាមឃាត់
- ផ្សព្វផ្សាយបញ្ជីសារធាតុ និងវិធីសាស្ដ្រដែលត្រូវបានហាមឃាត់
- ត្រួតពិនិត្យការអនុវត្តអនុសញ្ញាអន្ដរជាតិប្រឆាំងនឹងការប្រើប្រាស់សារធាតុដូប៉ាក្នុងវិស័យកីឡា និងក្រមប្រឆាំងដូប៉ាពិភពលោក
- រៀបចំរបាយការណ៍ ស្ដីពីការអនុវត្តអនុសញ្ញាអន្ដរជាតិប្រឆាំងនឹងការប្រើប្រាស់សារធាតុដូប៉ាក្នុងវិស័យកីឡា ជូនអង្គការយូណេស្កូ និងអង្គការអន្ដរជាតិដែលពាក់ព័ន្ធ
- ត្រួតពិនិត្យការអនុវត្តលក្ខន្ដិកៈប្រឆាំងដូប៉ារបស់សហព័ន្ធកីឡាជាតិ និងសហព័ន្ធកីឡាដទៃទៀត
-លើកទឹកចិត្តក្រសួង ស្ថាប័នពា់ព័ន្ធ វិស័យឯកជន ដៃគូសហការ និងអង្គការមិនមែនរដ្ឋាភិបាល ចូលរួមការប្រឆាំងដូប៉ាក្នុងវិស័យកីឡា
- ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តលក្ខន្ដិកៈប្រឆាំងដូប៉ារបស់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ
- ចូលរួមប្រជុំពាក់ព័ន្ធនឹងការប្រឆាំងដូប៉ាក្នុងវិស័យកីឡាកម្រិតជាតិ តំបន់ និងអន្ដរជាតិ ។
ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា ក្រោយមានការចង្អុលបង្ហាញ ណែនាំ និងជំរុញការរៀបចំរបស់អ្នកជំនាញពីសំណាក់ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ហង់ជួន ណារ៉ុន ក៏បានសម្រេចចុងក្រោយ ហើយត្រូវបានគណៈរដ្ឋមន្ដ្រី និងក្រុមប្រឹក្សាអ្នកច្បាប់ ឯកភាពលើការងារនេះ មុនរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចចេញនូវអនុក្រឹត្យដ៏មានតម្លៃបំផុត សម្រាប់កសាងកីឡាស្អាតស្អំនៅកម្ពុជា ដោយអនុលោមភាពទៅនឹងច្បាប់នៃការប្រយុទ្ធប្រឆាំងការប្រើប្រាស់សារធាតុដូប៉ានៅលើឆាកអន្ដរជាតិ ។
ក្នុងនាមប្រតិបត្តិករកីឡាឆ្នើមកម្ពុជាមួយរូប ឯកឧត្តមបានសម្ដែងការគាំទ្រពេញទំហឹង និងបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ ចំពោះការបង្កើតឲ្យមានទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ាជាតិនេះឡើង ។ ឯកឧត្តមសង្ឃឹមជឿជាក់យ៉ាងមុតមាំទៀតថា ការបង្កើតច្បាប់នេះ នឹងទទួលបានការអបអរសាទរពីសំណាក់ស្ថាប័នកីឡាជាតិ និងអន្ដរជាតិ ដើម្បីធ្វើឲ្យវិស័យកីឡាកម្ពុជា កាន់តែមានភាពរឹងមាំ ហើយធ្វើឲ្យកម្ពុជា ក្លាយជាប្រទេស ដែលមានកីឡាករ-កីឡាការិនី និងអ្នកលេងកីឡាទាំងអស់ ដែលមិនប៉ះពាល់នូវសារធាតុហាមឃាត់ ស្របតាមច្បាប់អន្ដរជាតិផងដែរ៕ អត្ថបទ លី ឈុនឡា






