ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ខាងមុខនេះ នឹងបន្តការងារការបើកប្រាក់ឈ្នួលនិងប្រាក់បំណាចផ្សេងៗដល់កម្មករនិយោជិតរោងចក្រស្បែកជើង RG Footwear ស្ថិតនៅស្រុកអង្គស្នួល ខេត្តកណ្តាល ខណៈកម្មកររោងចក្រ Y & W ហ្គាមេន ជាង ៣,៧០០នាក់ បានទទួលបានដំណោះស្រាយយ៉ាងយកចិត្តទុកដាក់បំផុតរួចហើយ។

ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី២៥ ខែមីនានេះ បានមានប្រសាសន៍ប្រាប់ ប៊ីធីវី ឲ្យដឹងថា សម្រាប់រោងចក្រ RG Footwear មន្រ្តីក្រសួងកំពុងសម្របសម្រួលជាមួយក្រុមហ៊ុន និងអាជ្ញាធរស្រុកអង្គស្នួលដើម្បីសម្របបែបបទ ឱ្យកម្មករបានបើកប្រាក់មានភាពងាយស្រួលនាពេលខាងមុខនេះ។ ឯកឧត្តម បានបន្តថា ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ក៏បានចុះទៅម្តុំរោងចក្រនោះផងដែរ នៅពេលក្រោយពេលមានបញ្ហាដោយសារអគ្គិភ័យ ដើម្បីផ្តល់ព័ត៌មានអំពីឱកាសការងារថ្មីៗ សម្រាប់កម្មករដែលចង់ស្វែងរកការងារថ្មីធ្វើ។ ក្នុងនោះ កម្មករមួយចំនួន ក៏បានសួរនាំអំពីឱកាសការងារថ្មីជាបណ្តើរៗផងដែរ។

សូមបញ្ជាក់ថាកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ រោងចក្រស្បែកជើង RG Footwear (Cambodia) Co.,LTD ស្ថិតនៅភូមិស្រុកអង្គស្នួល ខេត្តកណ្តាល បានជួបឧបទ្ទវហេតុអគ្គិភ័យឆេះរោងចក្រទាំងស្រុង ដែលធ្វើឲ្យរោងចក្រមិនអាចស្តារលទ្ធភាពដំណើរការអាជីវកម្មឡើងវិញក្នុងពេលឆាប់បានឡើយ។ ក្នុងកាលៈទេសៈមិនប្រាកដអំពីពេលវេលា និងលទ្ធភាពនៃការស្វែងរកទុនបន្ថែមថ្មីដើម្បីជួសជុល សាងសង់ និងបំពាក់សម្ភារ បរិក្ខារឡើងវិញ រោងចក្របានប្រកាសបិទដំណើរការរបស់ខ្លួនទាំងស្រុង ដែលនាំឲ្យកិច្ចសន្យាការងាររបស់កម្មករនិយោជិតទាំងអស់ត្រូរបានរំលាយ។ ដូច្នេះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងត្រូវបន្តរ៉ាប់រងលើការងារនេះជូនដល់កម្មករនិយោជិតដែលកំពុងជួបបញ្ហា និងត្រូវការជំនួយបន្ទាន់ផងដែរ។ ពាក់ព័ន្ធការទទួលបានប្រាក់ឈ្នួល និងប្រាក់បំណាចផ្សេងៗនៅរោងចក្រ Y&W ស្ថិតនៅតំបន់ព្រែកជ្រៃ ខណ្ឌដង្កោ តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កម្មករកម្មការិនី បានបង្ហាញទឹកមុខសប្បាយរីករាយ និងសម្តែងការអរគុណជូនចំពោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ជាពិសេសប្រមុខរាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកយ៉ាងខ្លាំងចំពោះពួកគាត់ដែលជាកម្មករ៕ អត្ថបទ៖ ឈិត បូរ៉ាវី




