ភ្នំពេញ៖ ប្រធានក្រុមយុវជនសង្គមស៊ីវិល និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក ហេង សំណាង បានអំពាវនាវដល់សាធារណៈជន ចូលរួមឆ្លើយតបដល់ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ និងពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយលើការផ្សព្វផ្សាយព័ត៌មាននានានៅលើបណ្ដាញសង្គម និងសូមបញ្ឈប់នាំគ្នាចែករំលែកបន្ត ឬ Like Comment Share ចំពោះព័ត៌មានដែលមិនពិត ពីព្រោះការចែករំលែកព័ត៌មានទាំងនោះវាអាចបណ្តាលក្លាយជាជនរងគ្រោះជាដើម។

លោក ហេង សំណាង បានអំពាវនាវក្នុងឱកាសបើកវគ្គបណ្តុះបណ្តាល សមាជិកក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធចំនួន ១០០ នាក់ ជំនាន់ទី១ ស្តីពី «មូលដ្ឋានគ្រឹះការសរសេរព័ត៌មាន» ដែលផ្តោតលើការចូលរួមទប់ស្កាត់រាល់ព័ត៌មានក្លែងក្លាយ ឬប្រឌិតកាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤នេះ។ ក្នុងឱកាសនោះលោកបានអំពាវនាវដល់មហាជនធ្វើយ៉ាងណារួមគ្នាទប់ស្កាត់រាល់ព័ត៌មានក្លែងក្លាយ ប្រឌិត ដែលបង្កើតឡើងដោយក្រុមប្រឆាំង ដើម្បីញុះញង់ក្នុងន័យទុច្ចរិតធ្វើឱ្យប្រទេសជាតិបែកបាក់ និងអស្ថិរភាពនៅក្នុងសង្គមជាដើម។

លោក ហេង សំណាង បានអំពាវនាវដល់សាធារណៈជនថា៖ ១/. ស្វែងរកប្រភពព័ត៌មានដែលមានប្រភពត្រឹមត្រូវ ច្បាស់ការចេញពីស្ថាប័នផ្លូវការ ពិតឬក្លែងក្លាយ ហើយកុំទាន់ធ្វើការវិនិច្ឆ័យ និងចូលខមមិនក្នុងន័យមិនល្អ ឬខុសនឹងច្បាប់ ប៉ុន្ដែត្រូវកំណត់ប្រភពនោះឱ្យបានច្បាស់លាស់ជាមុនសិន។ ២/. រួមគ្នាចូលទៅ Report Page អនាមិកទាំងនោះ ដើម្បីឱ្យក្រុមហ៊ុនហ្វេសប៊ុកបិទព័ត៌មានប្រឌិត។ ៣/. ឆ្លើយតបបង្ហាញការពិត តាមរយៈបណ្ដាញសង្គម ឬបណ្ដាញសារព័ត៌មាននានាជាបន្ទាន់ដើម្បីបន្សាបព័ត៌មានក្នុងន័យទុច្ចរិតណាមួយ។ ៤/.អំពាវនាវដល់ក្រុមអ្នកបង្កើតមាតិកា (Creator Content) ឬឆាណែល ហ្វេសប៊ុក យូធូប ជាដើម ត្រូវបង្កើតមាតិការបស់ខ្លួនប្រកបដោយ ក្រមសីលធម៌ វិជ្ជាជីវៈ មិនត្រូវបង្កើតមានតិកាណាមួយផ្ទុយនឹងច្បាប់ ឬប៉ះពាល់សិទ្ធិអ្នកដទៃឡើយ។ ៥/.បញ្ឈប់នាំគ្នាចែករំលែកបន្ត ឬ Like Comment Share ចំពោះព័ត៌មានដែលមិនពិត ពីព្រោះការចែករំលែកព័ត៌មានទាំងនោះវាអាចបណ្តាលក្លាយជាជនរងគ្រោះជាដើម៕


