អាជ្ញាធររូបិយវត្ថុដែនដីប៉ាឡេស្ទីន (PMA) បាននិយាយកាលពីថ្ងៃអាទិត្យថា តំបន់ហ្កាហ្សាស្ទ្រីប កំពុងជួបប្រទះវិបត្តិលំហូរសាច់ប្រាក់ ដោយសារតែការរំខាននៃប្រតិបត្តិការធនាគារដែលបណ្តាលមកពីការវាយប្រហាររបស់អ៊ីស្រាអែលដែលនៅតែបន្ត។

យោងតាមអាជ្ញាធររូបិយវត្ថុដែនដីប៉ាឡេស្ទីន (PMA) បានឲ្យដឹងថា ធនាគារជាច្រើនត្រូវបានបំផ្លាញក្នុងពេលមានជម្លោះ ហើយវាពុំអាចធ្វើទៅបានដើម្បីបើកសាខាធនាគារដែលនៅសល់ នៅក្នុងតំបន់ទាំងមូល ដោយសារតែការទម្លាក់គ្រាប់បែក ការដាច់ចរន្តអគ្គិសនី និងការព្រួយបារម្ភអំពីសុវត្ថិភាព។

អាជ្ញាធរ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា វិបត្តិលំហូរសាច់ប្រាក់ កើនឡើងកាន់តែខ្លាំង ខណៈម៉ាស៊ីន ATM ភាគច្រើន បានបិទសេវាកម្ម។ សេចក្តីថ្លែងការណ៍ បាននិយាយថា អាជ្ញាធរកំពុងពិនិត្យ ពាក្យបណ្តឹងមកពីប្រជាជនតំបន់ហ្កាហ្សាស្ទ្រីប អំពីប្រតិបត្តិការទាមទារប្រាក់ដែលធ្វើឡើងដោយមនុស្សមួយចំនួន ពាណិជ្ជករ និងម្ចាស់ហាងប្តូរប្រាក់ដែលពុំមានអាជ្ញាប័ណ្ណ ដែលប្រើប្រាស់ឧបករណ៍ដំណើរការផ្ទេរប្រាក់ ឬការផ្ទេរហិរញ្ញវត្ថុលើកម្មវិធីធនាគារ។
អាជ្ញាធររូបិយវត្ថុដែនដីប៉ាឡេស្ទីន (PMA) និយាយថា បុគ្គលទាំងនេះ បានកេងប្រវ័ញ្ចតម្រូវការសាច់ប្រាក់របស់ប្រជាជន ដោយគិតប្រាក់រហូតដល់១៥ភាគរយលើចំនួនណាមួយដែលបានដកប្រាក់ពីគណនីរបស់ពលរដ្ឋ តាមរយៈកាតប្លាស្ទិក ឬការផ្ទេរប្រាក់ ជាថ្នូរទៅនឹងការផ្តល់ចំនួនសាច់ប្រាក់ និងបាននិយាយថា វិធានការរារាំងភ្លាមៗ នឹងត្រូវធ្វើឡើងប្រឆាំងអ្នកទាំងឡាយណា ដែលចូលរួមក្នុងការប្រព្រឹត្តបែបនេះ។