សារព័ត៌មានរដ្ឋ KCNA បានរាយការណ៍ថា លោកស្រី គីម យ៉ូជុង (Kim Yo Jong) ដែលជាប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន (Kim Jong Un) បាននិយាយនៅថ្ងៃចន្ទ (២៥ មីនា) នេះថា នាយករដ្ឋមន្ត្រីជប៉ុន លោក ហ៊្វូមីអូ គីស៊ីដា (Fumio Kishida) ថ្មីៗនេះបានបង្ហាញពីចេតនារបស់ខ្លួនក្នុងការជួបមេដឹកនាំកូរ៉េខាងជើងក្នុងពេលឆាប់ៗនេះ តាមរយៈ «បណ្ដាញមួយផ្សេងទៀត»។

លោកស្រី គីម ត្រូវបានដកស្រង់សម្តី ដែលបាននិយាយនៅក្នុងរបាយការណ៍ KCNA ជាភាសាកូរ៉េថា «នាយករដ្ឋមន្ត្រីជប៉ុន គួរតែដឹងថាគ្រាន់តែលោកចង់ និងបានធ្វើការសម្រេចចិត្តលើលទ្ធភាពនៃជំនួបនោះ មិនមានន័យថាលោកអាចជួប ឬមេដឹកនាំនៃប្រទេសរបស់យើងនឹងជួបលោកនោះទេ»។

លោក គីស៊ីដា បាននិយាយថា លោកចង់ជួបពិភាក្សាជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) «ដោយគ្មានលក្ខខណ្ឌណាមួយជាមុន» ហើយកំពុងត្រួតពិនិត្យដោយផ្ទាល់នូវកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវកិច្ចប្រជុំកំពូលមេដឹកនាំបែបនេះជាលើកដំបូងក្នុងរយៈពេល ២០ ឆ្នាំ។
ប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង ដែលបម្រើការនៅក្នុងបក្សពលករដែលកំពុងកាន់អំណាចរូបនេះ កាលពីខែមុន ធ្លាប់បាននិយាយថា លោក គីស៊ីដា ប្រហែលអាចទៅទស្សនកិច្ចនៅទីក្រុងព្យុងយ៉ាង នៅថ្ងៃណាមួយ៕