រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន នៅថ្ងៃចន្ទ (២៥ មីនា) នេះ បានរុញឱ្យប្រទេសចិន យកការទាមទារអធិបតេយ្យភាពរបស់ខ្លួននៅក្នុងសមុទ្រចិនខាងត្បូង ទៅកាន់តុលាការមជ្ឈត្តកម្មអន្តរជាតិ ប្រសិនបើចិនមានភាពក្លាហានធ្វើបែបនោះ បន្ទាប់ពីការប្រឈមមុខដាក់គ្នាមួយទៀតកាលពីចុងសប្តាហ៍ ប៉ុន្តែបាននិយាយថាទីក្រុងម៉ានីល នឹងមិនរាថយចំពោះជំហររបស់ខ្លួនឡើយ។

ហ្វីលីពីន បានចោទប្រកាន់ឆ្មាំល្បាតឆ្នេរចិន ថាបានប្រើប្រាស់កាណុងបាញ់ទឹកប្រឆាំងនឹងទូកស៊ីវិលដែលផ្គត់ផ្គង់កងទ័ពឈរជើងលើនាវាចម្បាំង មានមូលដ្ឋាននៅដែនទឹក សេខិន ថូម៉ាស ស្ហូល (Second Thomas Shoal) ដែលមានជម្លោះ ដោយបានធ្វើឱ្យខូចខាតដល់ទូកផ្គត់ផ្គង់ឡើងវិញ និងធ្វើឱ្យនាវិកមួយចំនួនរងរបួស។
រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន លោក ហ្គីលប៊ឺតតូ តេអូដូរ៉ូ (Gilberto Teodoro) បានប្រាប់អ្នកសារព័ត៌មានថា «ប្រសិនបើចិនមិនខ្លាចក្នុងការបញ្ជាក់ការអះអាងរបស់ខ្លួនទៅកាន់ពិភពលោក ហេតុអ្វីបានជាមិនយកការអះអាងនោះទៅតុលាការមជ្ឈត្តកម្មដើម្បីសម្រេចនៅក្រោមច្បាប់អន្តរជាតិទៅ»។

ប្រទេសចិនបានទាមទារសមុទ្រចិនខាងត្បូងស្ទើរតែទាំងមូលជាកម្មសិទ្ធិរបស់ខ្លួន រួមទាំងដែនទឹក សេខិន ថូម៉ាស ស្ហូល ដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ ចំងាយ ៣២០ គីឡូម៉ែត្ររបស់ហ្វីលីពីន។
ទីក្រុងប៉េកាំង បានដាក់ពង្រាយនាវាឆ្មាំល្បាតឆ្នេររាប់រយគ្រឿងនៅទូទាំងសមុទ្រចិនខាងត្បូង ដើម្បីល្បាតនូវអ្វីដែលខ្លួនចាត់ទុកថាជាទឹកដីរបស់ខ្លួន ទោះបីជាតុលាការមជ្ឈត្តកម្មអចិន្ត្រៃយ៍បានបញ្ជាក់យ៉ាងច្បាស់ក្នុងឆ្នាំ២០១៦ ថាការទាមទារដ៏ធំរបស់ខ្លួននេះមិនមានមូលដ្ឋាននៅក្រោមច្បាប់អន្តរជាតិក៏ដោយ៕