យោងតាមនគរបាលជាតិបានឱ្យដឹងថា អភិបាលក្រុងវ័យក្មេងជាងគេរបស់ប្រទេសអេក្វាឌ័រ លោកស្រី ប្រ៊ីហ្គីត ហ្កាសៀ(Brigitte Garcia) ត្រូវបានបាញ់សម្លាប់នៅក្នុងរថយន្ត កាលពីថ្ងៃអាទិត្យ។

អភិបាលក្រុង San Vicente ជាទីក្រុងមួយនៅភាគខាងលិចនៃខេត្ត Manabi ប្រទេសអេក្វាឌ័រ ត្រូវបានគេរកឃើញស្លាប់ រួមជាមួយលោក Jairo Loor ទីប្រឹក្សា និងជានាយកផ្នែកទំនាក់ទំនងសម្រាប់រដ្ឋាភិបាលតំបន់។
នគរបាលជាតិបាននិយាយថា នៅខាងក្នុងរថយន្ត ភស្តុតាងគ្រាប់កាំភ្លើង ត្រូវបានប្រមូល ដោយអ្នកជំនាញផ្នែកកោសល្យវិច្ច័យ ហើយការស៊ើបអង្កេតកំពុងធ្វើឡើងដើម្បីកំណត់ពីរបៀប និងមូលហេតុដែលឃាតកម្មកើតឡើង។ អភិបាលក្រុងរូបនេះ ជាអ្នកនយោបាយក្មេងជាងគេនៅក្នុងប្រទេសមានអាយុ ២៧ឆ្នាំ គឺជាសមាជិកនៃចលនាបដិវត្តន៍ប្រជាជន ដឹកនាំដោយអតីតប្រធានាធិបតី លោក Rafael Correa ។ ឃាតកម្មនេះ បានកើតឡើងនៅពេលដែលប្រទេសអេក្វាឌ័រ កំពុងធ្វើការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មរៀបចំទុក។

ប្រទេសអេក្វាឌ័រ បានប្រកាសស្ថានភាពរដ្ឋក្នុងគ្រាអាសន្ន និង ជម្លោះប្រដាប់អាវុធផ្ទៃក្នុង ខណៈខ្លួនព្យាយាម បំបែកក្រុមជនអន្ធពាលចំនួន ២២ក្រុម ដែលរដ្ឋាភិបាលបានកំណត់ថាជា «ភេរវករ» នៅពីក្រោយរលកនៃអំពើហិង្សាជាបន្តបន្ទាប់ មិនធ្លាប់មានពីមុនមក។
លោកស្រី Garcia គឺជាមន្ត្រីទីពីរ ដែលត្រូវបានសម្លាប់នៅក្នុងទីខេត្ត Manabi ក្នុងប៉ុន្មានខែថ្មីៗនេះ។ កាលពីខែកក្កដា ឆ្នាំ ២០២៣ លោក Agustin Intriago អភិបាលក្រុង Manta ត្រូវបានសម្លាប់ពេលធ្វើដំណើរទស្សនកិច្ចទៅកាន់សង្កាត់មួយនៅក្នុងទីក្រុង។
ការធ្វើឃាត មានការកើនឡើងនៅក្នុងប្រទេសអេក្វាឌ័រ ចាប់តាំងពីបេក្ខជនប្រធានាធិបតី លោក ហ្វឺណានដូ វីអាវីសិនស្យូ(Fernando Villavicencio) ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារប្រដាប់អាវុធ កាលពីខែសីហាឆ្នាំមុន បន្ទាប់ពីមានការជួបជុំផ្នែកនយោបាយនៅក្នុងរដ្ឋធានី Quito ។