ក្រុមសាស្ត្រាចារ្យពេទ្យកូរ៉េខាងត្បូង បានចាប់ផ្តើមដាក់សំណើសុំលាលែងពីតំណែងរបស់ពួកគេជាទ្រង់ទ្រាយធំ នៅថ្ងៃចន្ទ (២៥ មីនា) នេះ និងចូលរួមការតវ៉ា ដើម្បីគាំទ្រការធ្វើកូដកម្មរបស់គ្រូពេទ្យហាត់ការជុំវិញផែនការរបស់រដ្ឋាភិបាលក្នុងការជំរុញការចូលរៀននៅសាលាវេជ្ជសាស្ត្រ។

លោក គីម ឆាងស៊ូ (Kim Chang-soo) ប្រធានសមាគមសាស្រ្តាចារ្យពេទ្យកូរ៉េ បានប្រាប់អ្នកយកព័ត៌មានថា «វាច្បាស់ណាស់ថា ការបង្កើននិស្សិតចូលរៀននៅសាលាវេជ្ជសាស្ត្រ នឹងមិនត្រឹមតែបំផ្លាញការអប់រំនៅសាលាពេទ្យប៉ុណ្ណោះទេ ហើយថែមទាំងធ្វើឱ្យប្រព័ន្ធថែទាំសុខភាពរបស់ប្រទេសដួលរលំផងដែរ។ សាស្ត្រាចារ្យពេទ្យនឹងចាប់ផ្តើមធ្វើកាត់បន្ថយម៉ោងព្យាបាលអ្នកជំងឺស្រាល ដើម្បីផ្តោតលើអ្នកជំងឺសង្គ្រោះបន្ទាន់ និងអ្នកជំងឺធ្ងន់ធ្ងរ»។

កូដកម្មរបស់វេជ្ជបណ្ឌិតកម្មសិក្សាការីបានចាប់ផ្ដើមកាលពីថ្ងៃទី ២០ កុម្ភៈ ជុំវិញផែនការបង្កើនចំនួនសិស្សចូលរៀនរៀងរាល់ឆ្នាំទៅសាលាវេជ្ជសាស្ត្រចាប់ពីឆ្នាំ២០២៥ បានបង្ខំឱ្យមន្ទីរពេទ្យជាច្រើនត្រូវទុកអ្នកជំងឺចោល និងពន្យារពេលនីតិវិធីព្យាបាល។
រដ្ឋាភិបាលនិយាយថា ផែនការនេះមានសារៈសំខាន់ណាស់ក្នុងការដោះស្រាយកង្វះខាតគ្រូពេទ្យនៅក្នុងសង្គមដែលមានវ័យចំណាស់បំផុតមួយរបស់ពិភពលោក ប៉ុន្តែអ្នករិះគន់បាននិយាយថា អាជ្ញាធរគួរតែផ្តោតលើការកែលម្អលក្ខខណ្ឌការងាររបស់គ្រូពេទ្យហាត់ការជាមុនសិន៕
