ភ្នំពេញ ៖ ឯកឧត្តម ឡាវ វ៉ាន់ ប្រធានក្រុមការងារគ្រប់គ្រងនិស្សិតអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ក្រុម២ បានអញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរ និងសំណេះសំណាលជាមួយនិស្សិត អ.ម.ត ចំនួន១៣៤រូប ដែលបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រដោយជោគជ័យ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង ដោយពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងសាកលវិទ្យាល័យជាតិគ្រប់គ្រង និងក្រុមការងារគ្រប់គ្រងនិស្សិត អ.ម.ត ក្រុម២,នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤។
ថ្លែងក្នុងឱកាសនោះឯកឧត្តម ឡាវ វ៉ាន់ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ សាកសួរសុខទុក្ខដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រធានកិត្តិយស និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានសមាគម អ.ម.ត ដល់អង្គពិធី ព្រមទាំងបានសម្តែងការអបអរសាទរ និងកោតសរសើរដល់និស្សិតទាំងអស់ ដែលបានខិតខំប្រឹងប្រែងរៀនសូត្រ រហូតបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រដោយជោគជ័យ និងទទួលបានការងារនៅក្នុងវិស័យរដ្ឋ និងឯកជន ប្រមាណជាង៨៦%។
បន្ថែមពីនោះឯកឧត្តម ឡាវ វ៉ាន់ បានគូសរំលេច អំពីគោលបំណងរបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ដោយចង់ឃើញនិស្សិតគ្រប់រូបបានបញ្ចប់ការសិក្សាដោយជោគជ័យ ក្នុងក្របខណ្ឌអាហារូបករណ៍ដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងទទួលបានផ្លែផ្កាក្នុងជីវិតក្រោយពីបញ្ចប់ការសិក្សា៕
អត្ថបទ៖ រដ្ឋា








