
ស្ថាប័នប្រឆាំងអំពើពុករលួយរបស់ប្រទេសសិង្ហបុរី បានឲ្យដឹងថា អតីតរដ្ឋមន្ត្រីដឹកជញ្ជូនលោក S. Iswaran ត្រូវបានចោទប្រកាន់ ៨ករណីបន្ថែមទៀត នៅក្នុងសំណុំរឿងពុករលួយ នៅថ្ងៃចន្ទ (ទី២៥ ខែមីនា) នេះ ដោយនេះគឺជារឿងអាស្រូវពុករលួយដ៏ល្បីល្បាញបំផុតមួយរបស់បុរីរដ្ឋនេះ (ប្រទេស និងទីក្រុងតែមួយ) ។
ការិយាល័យស៊ើបអង្កេតអំពើពុករលួយ (CPIB) បានប្រាប់ឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការចោទប្រកាន់បន្ថែមពាក់ព័ន្ធនឹងការអះអាងដែលថា អំឡុងកាន់តំណែងរដ្ឋមន្ត្រី លោកទទួលបានវត្ថុមានតម្លៃជាច្រើនដែលមានតម្លៃប្រហែល ១៨.៩៥៦ដុល្លារសិង្ហបុរី (១៤.០៧៧ដុល្លារ) ពីបុគ្គលដែលអាជីវកម្មរបស់ពួកគេមានទំនាក់ទំនងជាមួយក្រសួងដឹកជញ្ជូន។
ដូច្នេះ ឥឡូវនេះ លោក Iswaran ប្រឈមនឹងការចោទប្រកាន់សរុបចំនួន ៣៥ករណីនៅក្នុងសំណុំរឿងដែលបានគ្របដណ្ដប់លើប្រទេសសិង្ហបុរី ដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអាស៊ីដ៏សំខាន់មួយ ពោលគឺជាទីកន្លែងដែលផ្ដល់នូវមោទនភាពដល់រដ្ឋាភិបាលនូវភាពស្អាតស្អំដែលកម្ររងនូវផលប៉ះពាល់ដោយអំពើពុករលួយ និងរឿងអាស្រូវនយោបាយណាស់។ ករណីពុករលួយចុងក្រោយដែលពាក់ព័ន្ធនឹងរដ្ឋមន្ត្រី គឺនៅឆ្នាំ១៩៨៦ នៅពេលដែលរដ្ឋមន្ត្រីអភិវឌ្ឍន៍ជាតិត្រូវបានស៊ើបអង្កេតពីបទទទួលសំណូក។ លោករដ្ឋមន្ត្រីរូបនោះបានស្លាប់មុនពេលលោកអាចត្រូវបានចោទប្រកាន់នៅតុលាការ។
បើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានឲ្យដឹងថា លោក Iswaran វ័យ ៦១ឆ្នាំ បដិសេធការចោទប្រកាន់ទាំងនេះ។ ការចោទប្រកាន់ទាំងនោះរាប់បញ្ចូលទាំងអំពើពុករលួយ និងការរាំងដល់ដំណើរការយុត្តិធម៌ ដែលត្រូវបានដាក់ចេញកាលពីថ្ងៃទី១៨ ខែមករា។ ប្រសិនបើត្រូវបានផ្តន្ទាទោសពីបទពុករលួយនោះ រូបលោកអាចនឹងត្រូវពិន័យជាប្រាក់រហូតដល់ ១០០.០០០ដុល្លារសិង្ហបុរី ឬប្រឈមនឹងការជាប់ពន្ធនាគាររយៈពេល ៧ឆ្នាំ។ លោកត្រូវបានចាប់ខ្លួនកាលពីខែកក្កដាឆ្នាំមុន៕