
នាយករដ្ឋមន្ត្រី លោក Rishi Sunak នឹងកំណត់ផែនការជំរុញកម្លាំងពលកម្មនុយក្លេអ៊ែររបស់ចក្រភពអង់គ្លេស នៅថ្ងៃចន្ទ (ទី២៥ ខែមីនា) នេះ ខណៈដែលការបង្កើននូវការសាងសង់នាវាមុជទឹក និងតម្រូវការដែលកំពុងកើនឡើងនៃឧស្សាហកម្មថាមពលនុយក្លេអ៊ែរ ត្រូវបានគេព្យាករថា នឹងបង្កើតការងារថ្មីចំនួន ៤០.០០០កន្លែង នៅឆ្នាំ២០៣០។
រដ្ឋាភិបាលបានឲ្យដឹងនៅក្នុងសេចក្ដីថ្លែងការណ៍ថា ខ្លួននឹងចាប់ដៃគូជាមួយក្រុមហ៊ុនការពារជាតិ BAE Systems, Rolls-Royce និង Babcock រួមជាមួយនឹងក្រុមហ៊ុនថាមពលធំជាងគេ EDF ដើម្បីវិនិយោគនូវទឹកប្រាក់ជាង ៧៦៣លានផោន (៩៦១ លានដុល្លារ) នៅដំណាច់ទសវត្សរ៍នេះ លើជំនាញ ការងារ និងការអប់រំ។
រដ្ឋាភិបាលត្រូវធានាថា មានបុគ្គលិកនុយក្លេអ៊ែរគ្រប់គ្រាន់ ដើម្បីជួយសាងសង់ និងថែរក្សាកងនាវាមុជទឹករបស់ខ្លួន ដែលមានសារៈសំខាន់ ដើម្បីការពារជាតិ និងសន្តិសុខ ព្រោះថា ពួកគេជាមូលដ្ឋាននៃការរារាំងនុយក្លេអ៊ែរនៅសមុទ្រឥតឈប់ឈររបស់ចក្រភពអង់គ្លេស។
មុនពេលធ្វើទស្សនកិច្ចនៅទីក្រុង Barrow-in-Furness នៅភាគពាយព្យនៃចក្រភពអង់គ្លេស នាថ្ងៃចន្ទនេះ ជាកន្លែងដែលឧស្សាហកម្មនុយក្លេអ៊ែររបស់អង់គ្លេសមានមូលដ្ឋាននៅទីនោះ លោក Sunak បាននិយាយថា៖ «ការការពារអនាគតនៃការរារាំងនុយក្លេអ៊ែរ និងឧស្សាហកម្មថាមពលនុយក្លេអ៊ែររបស់យើង គឺជាកិច្ចខិតខំប្រឹងប្រែងជាតិដ៏សំខាន់។ ថ្ងៃនេះ យើងបើកដំណើការសហគ្រាសនុយក្លេអ៊ែរជំនាន់ក្រោយរបស់យើង ដែលនឹងធ្វើឲ្យយើងមានសុវត្ថិភាព បន្តរក្សាថាមពលរបស់យើង និងសន្សំការចំណាយរបស់យើង»។
ឧស្សាហកម្មនាវាមុជទឹកនុយក្លេអ៊ែររបស់ចក្រភពអង់គ្លេសនឹងពង្រីកក្នុងប៉ុន្មានឆ្នាំខាងមុខនេះ ដោយសារនាវាថ្មីជាច្រើនគ្រឿងត្រូវបានសាងសង់ ទាំងសម្រាប់ចក្រភពអង់គ្លេសខ្លួនឯងផ្ទាល់ ហើយក៏សម្រាប់ប្រទេសអូស្ត្រាលីផងដែរ នៅក្រោមកិច្ចព្រមព្រៀងសន្តិសុខ AUKUS៕