កេនយ៉ា៖ មនុស្សយ៉ាងហោចណាស់ ១៣នាក់បានស្លាប់នៅពេលរថយន្តដឹកប្រេងឥន្ធនៈមួយគ្រឿងបានក្រឡាប់ឆេះ នៅក្នុងភាគខាងលិចប្រទេសកេនយ៉ាកាលពីថ្ងៃចុងសប្ដាហ៍នេះ។ រថយន្តដឹកប្រេងឥន្ធនៈនេះបានបុកជាមួយរថយន្តមួយគ្រឿងទៀត នៅលើផ្លូវល្បឿនលឿនរវាងទីក្រុង Kisumu និងទីក្រុង Busia កាលពីល្ងាចថ្ងៃសៅរ៍។

ស្នងការនគរបាលក្នុងតំបន់ម្នាក់បាននិយាយថា មនុស្ស ២៤នាក់កំពុងស្ថិតក្នុងមន្ទីរពេទ្យដោយមានការរលាកធ្ងន់ធ្ងរ និងបាននិយាយថា កុមារមួយចំនួនស្ថិតក្នុងចំណោមអ្នករងរបួសដែរ។ ក្រុមអ្នកស៊ើបអង្កេតកំពុងស្វែងរកនៅកន្លែងកើតហេតុ និងបានព្រមានថា ចំនួនអ្នកស្លាប់អាចកើនឡើង។ ស្នងការនគរបាល លោក Charles Chacha បាននិយាយថា យើងនឹងតម្រូវឲ្យមានការត្រួតពិនិត្យហ្មត់ចត់ដើម្បីកំណត់ថា តើមានមនុស្សត្រូវភ្លើងឆេះទាំងស្រុងនៅកន្លែងកើតហេតុឬអត់ ជាទីដែលឆ្អឹងមួយចំនួនត្រូវបានរកឃើញ។ រថយន្តដឹកទឹកដោះគោមួយគ្រឿងដែលបានបើកបរក្នុងទិសដៅផ្ទុយគ្នា បានបុកជាមួយរថយន្តដឹកស៊ីទែនប្រេងឥន្ធនៈ៕
អត្ថបទ៖ សុខមាន