
ប្រទេសប៉ូឡូញបានទាមទារឲ្យមានការពន្យល់ពីទីក្រុងមូស្គូ បន្ទាប់ពីបាននិយាយថា មីស៊ីលតម្រង់គោលដៅរបស់រុស្សីដែលបាញ់សំដៅទៅប្រទេសអ៊ុយក្រែនបានចូលទៅក្នុងដែនដីរបស់ខ្លួន។
បញ្ជាការប្រតិបត្តិការនៃកងកម្លាំងប្រដាប់អាវុធប៉ូឡូញ កាលពីថ្ងៃអាទិត្យ (ទី២៤ ខែមីនា) បានឲ្យដឹងនៅលើបណ្ដាញសង្គម X ថា៖ «នៅថ្ងៃទី២៤ ខែមីនា វេលាម៉ោង ៤:២៣ព្រឹក មានការរំលោភលើដែនអាកាសប៉ូឡូញដោយមីស៊ីលតម្រង់គោលដៅ១គ្រាប់ដែលត្រូវបានបាញ់នៅយប់នេះ ដោយយន្តហោះរយៈចម្ងាយឆ្ងាយរបស់សហព័ន្ធរុស្ស៊ី»។
បញ្ជាការប្រតិបត្តិការបានបន្ថែមថា៖ «វត្ថុនោះបានហោះចូលទៅក្នុងលំហអាកាសប៉ូឡូញ នៅជិតភូមិ Oserdow (Lublin Voivodeship) ហើយបានចំណាយពេល ៣៩វិនាទី នៅក្នុងដែនអាកាសនោះ។ មីស៊ីលនោះត្រូវបានឃើញដោយប្រព័ន្ធរ៉ាដាយោធា អំឡុងពេលហោះ»។
របាយការណ៍នេះបានធ្វើឡើងបន្ទាប់ពីមន្ត្រីអ៊ុយក្រែនបាននិយាយថា រុស្ស៊ីបានបាញ់មីស៊ីលប្រហែល ២០ គ្រាប់ និងយានដ្រូនវាយប្រហារ Shahed ចំនួន ៧គ្រឿង សំដៅទៅលើតំបន់ Lviv ភាគខាងលិចអ៊ុយក្រែន ដែលនៅជិតព្រំដែនប៉ូឡូញ។ ហើយមានការផ្ទុះជាច្រើនទៀតត្រូវបានគេរាយការណ៍ នៅក្នុងរដ្ឋធានីគីវរបស់អ៊ុយក្រែន។
លើកចុងក្រោយដែលរុស្ស៊ីបំពានដែនអាកាសរបស់ប៉ូឡូញ គឺនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣។ យោធាប៉ូឡូញបានឲ្យដឹងថា នាពេលនោះ «វត្ថុនៅលើអាកាសមិនស្គាល់អត្តសញ្ញាណ» បានចូលទៅក្នុងដែនអាកាសរបស់ខ្លួនពីទឹកដីអ៊ុយក្រែន ហើយក្រោយមកមន្ត្រីយោធាជាន់ខ្ពស់បំផុតរបស់ប្រទេសប៉ូឡូញបាននិយាយថា «ការចង្អុលបង្ហាញទាំងអស់» បានបង្ហាញថា វត្ថុនោះគឺជាមីស៊ីលរបស់រុស្ស៊ី។
ក្នុងសេចក្តីថ្លែងការណ៍ កាលពីថ្ងៃអាទិត្យ អ្នកនាំពាក្យក្រសួងការបរទេសប៉ូឡូញ លោក Pawel Wronski បាននិយាយថា ប្រទេសរបស់លោកបានអំពាវនាវដល់រុស្ស៊ី «ឲ្យបញ្ឈប់ការវាយប្រហារភេរវករពីលើអាកាសមកលើអ្នកស្រុក និងដែនដីនៃប្រទេសអ៊ុយក្រែន ហើយឲ្យបញ្ចប់សង្គ្រាម និងដោះស្រាយបញ្ហាផ្ទៃក្នុងរបស់ប្រទេស»៕