
មេបញ្ជាការកងទ័ពជើងគោកអ៊ុយក្រែន បាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសរុស្ស៊ី កំពុងប្រមូលផ្តុំកងទ័ពចំនួន ១០ម៉ឺននាក់ មុនពេលការវាយលុកនៅរដូវក្តៅដ៏សំខាន់។
លោកឧត្តមសេនីយ៍ទោ Oleksandr Pavliuk បាននិយាយនៅលើទូរទស្សន៍អ៊ុយក្រែនថា៖«យើងមិនដឹងពីផែនការរបស់រុស្ស៊ីមានទំហំធំកម្រិតណានោះទេ។ យើងដឹងតែទិន្នន័យដែលពួកគេមាន និងអ្វីដែលពួកគេកំពុងបង្កើត។ ពួកគេកំពុងបង្កើតក្រុមជាច្រើន ដែលមានទាហានរហូតដល់ជាង ១០ម៉ឺននាក់» ។
លោកបាននិយាយថា៖«វានឹងមិនចាំបាច់ជាការវាយលុកទេ។ ប្រហែលជាពួកគេនឹងប្រើទាហានទាំងនោះ ដើម្បីបំពេញបន្ថែមអង្គភាពរបស់ពួកគេដែលបាត់បង់សមត្ថភាពប្រយុទ្ធរបស់ពួកគេប៉ុណ្ណោះ»។
លោកបានបន្ថែមថា៖«ប៉ុន្តែមានលទ្ធភាពដែលនៅដើមរដូវក្តៅ ពួកគេអាចមានកម្លាំងមួយចំនួន ដើម្បីធ្វើប្រតិបត្តិការវាយលុក ក្នុងទិសដៅមួយ»។
លោក Pavliuk បន្តថា ដើម្បីត្រៀមខ្លួនសម្រាប់ការវាយប្រហារដ៏មានសក្ដានុពល អ៊ុយក្រែន បានចាប់ផ្តើមដកកងពលតូចមួយចំនួន ដើម្បីពង្រឹងសមត្ថភាពប្រយុទ្ធរបស់ខ្លួន។
វិទ្យាស្ថានដើម្បីសិក្សាអំពីសង្គ្រាម(ISW) បាននិយាយថា រុស្ស៊ីហាក់ដូចជាកំពុងបន្តប្រតិបត្តិការវាយលុកជាប់លាប់ នៅទូទាំងភាគខាងកើតអ៊ុយក្រែន ក្នុងគោលបំណងរក្សា «គំនិតផ្តួចផ្តើម» នៅក្នុងជម្លោះនេះ។
លោក Pavliuk បានបញ្ជាក់ថា រុស្ស៊ីទំនងជាចង់រក្សាសន្ទុះ បន្ទាប់ពីការដណ្តើមបានជោគជ័យរបស់ខ្លួនលើ ទិក្រុង Avdiivka ក្នុងខែកុម្ភៈ។