
ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានរាយការណ៍កាលពីថ្ងៃអាទិត្យថា ប្រទេសសូម៉ាលី បានដោះលែងអ្នកនេសាទ និងនាវិកអ៊ីរ៉ង់ចំនួន ៣៣នាក់ ដែលជាប់ពន្ធនាគារ នៅក្នុងប្រទេសនេះ។
លោក Ali Gholampour ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំប្រទេសកេនយ៉ា បាននិយាយថា ជនជាតិអ៊ីរ៉ង់ កំពុងត្រូវបានបញ្ជូនទៅប្រទេសកំណើតរបស់ពួកគេតាមយន្តហោះ ដោយសង្កត់ធ្ងន់ថា មន្ត្រីសូម៉ាលី បានបង្ហាញពីការត្រៀមខ្លួនសម្រាប់ដំណើរការឆ្ពោះទៅរកដំណើរការស្តារទំនាក់ទំនងជាមួយអ៊ីរ៉ង់ បន្ទាប់ពីមានការកាត់ផ្តាច់ទំនាក់ទំនងការទូតជាច្រើនឆ្នាំ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន IRNA។
លោក Gholampour បានសម្តែងក្តីសង្ឃឹមថា ការដោះលែងនាវិក និងអ្នកនេសាទអ៊ីរ៉ង់របស់ប្រទេសសូម៉ាលី នឹងជួយបង្កើតបរិយាកាសវិជ្ជមានសម្រាប់ការចាប់ផ្តើមឡើងវិញនៃទំនាក់ទំនងទ្វេភាគី និងត្រួសត្រាយផ្លូវសម្រាប់ការទំនាក់ទំនងលក្ខណៈស្ថាបនា និងការសន្ទនារវាងអ៊ីរ៉ង់ និងសូម៉ាលី។
លោកបាននិយាយថា ក្នុងចំណោមអាទិភាពនៃរបៀបវារៈរបស់ភាគីទាំងពីរ គឺការព្រាងកិច្ចព្រមព្រៀងសហប្រតិបត្តិការនេសាទដែលអាចការពារផលប្រយោជន៍ទ្វេភាគី និងទប់ស្កាត់ការកើតឡើងនៃការរឹបអូសនាវានេសាទអ៊ីរ៉ង់ដោយប្រទេសសូម៉ាលី។
ជនជាតិអ៊ីរ៉ង់ ត្រូវបានចាប់ខ្លួនដោយប្រទេសសូម៉ាលីក្នុងរដូវក្តៅឆ្នាំ ២០២៣ ពីបទធ្វើប្រតិបត្តិការនៅមហាសមុទ្រឥណ្ឌា ដោយគ្មានលិខិតអនុញ្ញាតត្រឹមត្រូវ ហើយក្រោយមកត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល៦ឆ្នាំ រួមជាមួយនឹងពិន័យជាប្រាក់រាប់រយពាន់ដុល្លារអាមេរិក នេះបើយោងតាមIRNA។
សូម៉ាលី បានកាត់ផ្តាច់ទំនាក់ទំនងជាមួយអ៊ីរ៉ង់ ក្នុងឆ្នាំ ២០១៦ ដោយលើកឡើងថា «ការជ្រៀតជ្រែកជាបន្តបន្ទាប់របស់អ៊ីរ៉ង់នៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសសូម៉ាលី»។ ទោះជាយ៉ាងណា ប្រទេសសូម៉ាលី មិនបានផ្តល់ព័ត៌មានលម្អិតទាក់ទងនឹងការជ្រៀតជ្រែកដែលគេចោទប្រកាន់នោះទេ។