ភ្នំពេញ ៖ ក្នុងឱកាសដំណើរទស្សនកិច្ចថ្ងៃដំបូងនៅប្រទេសឡាវយ និងតាមរយៈជំនួបរវាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្រ្តីនៃប្រទេសឡាវ ពិភាក្សាលើវិធាន និងយន្តការចំនួន ៦ ចំណុចសំខានៗ លើការជំរុញកំណើនសេដ្ឋកិច្ច សន្ដិភាព ការអភិវឌ្ឍ និងវិបុលភាពរួមគ្នារវាងប្រទេសទាំងពីរ។
សម្ដេចធិបតីនាយករដ្ឋមន្រ្ដី និងនាយករដ្ឋមន្រ្តីនៃប្រទេសឡាវបានមានសាសន៍បញ្ជាក់បែបនេះក្នុងឱកាសពិធីចុះហត្ថលេខា និងសន្និសីទសារព័ត៌មានរួមនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤នេះ នៅសាធារណៈរដ្ឋប្រជាម៉ានិតឡាវ។
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សម្ដេច និងឯកឧត្តមនាយករដ្ឋមន្រ្តីនៃប្រទេសឡាវបានពិភាក្សាគ្នាអំពីសក្ខាសនុពល វិធានការ និងយន្តការនៅក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគីនៅក្នុងគោលដៅជំរុញបន្ថែមទៀតនូវកំណើនសេដ្ឋកិច្ច សន្ដិភាព ការអភិវឌ្ឍ និងវិបុលភាពរួមនៃប្រទេសទាំងពីរ។
សម្ដេចធិបតីបញ្ជាក់នៅក្នុងសន្និសីទនេះថា សម្រាប់ក្របខណ្ឌទ្វេភាគីសម្ដេច និងឯកឧត្តមនាយករដ្ឋមន្រ្ដីឡាវ បានពិភាក្សាលើចំណុចសំខាន់ៗចំនួន ៦ ចំណុច ក្នុងនោះមាន វិស័យថាមពល, វិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម, ការតភ្ជាប់រវាងប្រទេសទាំងពីរ, កិច្ចសហប្រតិបត្តិការ ការពារជាតិ និងសន្ដិសុខ, កិច្ចការព្រំដែន និងចុងក្រោយ នាយករដ្ឋមន្រ្ដីទាំងពីរបានពិភាក្សាគ្នាលើវិធានការជំរុញកិច្ចសហប្រតិបត្តិការ ក្នុងវិស័យ អប់រំ ទេសចរណ៍ កីឡា កសិកម្មផងដែរ។
ក្នុងឱកាសនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ជាថ្មីថា កម្ពុជាគាំទ្រទាំងស្រុងចំពោះប្រទេសឡាវជាប្រធានប្ដូរវេន អាស៊ានឆ្នាំ ២០២៤ និងចំពោះតួនាទី និងបេសកជនពិសេសរបស់ប្រធានអាស៊ានទទួលបន្ទុក មីយ៉ាន់ម៉ា។ ក្នុងឱកាសនោះសម្ដេចធិបតី បានប្រកាសផ្ដល់ថវិកាចំនួន១លានដុល្លារដល់មិត្តឡាវក្នុងការរៀបចំប្រកបដោយជោគជ័យនូវកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធផងដែរ៕
អត្ថបទ៖ វ៉ន ដារ៉ា




