
កងជីវពលប៉ាឡេស្ទីនហាម៉ាស បានថ្កោលទោសការវាយប្រហារភេរវកម្មនៅទីក្រុងមូស្គូ ដែលបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ១៣៧នាក់ស្លាប់ បន្ទាប់ពីបានសរសើររុស្ស៊ីចំពោះការបដិសេធការបោះឆ្នោតដែលដឹកនាំដោយសហរដ្ឋអាមេរិករបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់បទឈប់បាញ់នៅតំបន់ហ្កាហ្សា។
ក្រុមហាម៉ាសដែលត្រូវបានចាត់ទុកថា ជាអង្គការភេរវកម្ម ដោយប្រទេសជាច្រើនរួមទាំងអ៊ីស្រាអែល និងសហរដ្ឋអាមេរិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើបណ្តាញសង្គម Telegram ថា ខ្លួនបានថ្កោលទោសការវាយប្រហាររបស់ក្រុមIS ដែលបានធ្វើឡើងកាលពីល្ងាចថ្ងៃសុក្រ នៅឯសាលប្រគុំតន្ត្រីមួយ នៅជាយក្រុងមូស្គូ។
សេចក្តីថ្លែងការណ៍របស់ក្រុមហាម៉ាសដែលបកប្រែពីភាសាអារ៉ាប់ បានសរសេរថា៖«យើងនៅក្នុងចលនាតស៊ូឥស្លាម (ហាម៉ាស) ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការវាយប្រហារភេរវកម្ម ដែលបានកំណត់គោលដៅលើជនស៊ីវិល ក្នុងរដ្ឋធានីមូស្គូរបស់រុស្ស៊ី ហើយបានធ្វើឲ្យមនុស្សរាប់សិបនាក់ស្លាប់ និងរបួស។
«យើងសូមចូលរួមរំលែកទុក្ខយ៉ាងស្មោះស្ម័គ្រចំពោះថ្នាក់ដឹកនាំ និងប្រជាជនរុស្ស៊ី ព្រមទាំងក្រុមគ្រួសារនៃជនរងគ្រោះក្នុងការវាយប្រហារដោយឧក្រិដ្ឋកម្មនេះ ហើយយើងសូមជូនពរឲ្យអ្នករបួសឆាប់ជាសះស្បើយ ហើយយើងបង្ហាញពីសាមគ្គីភាពពេញលេញរបស់យើងជាមួយប្រទេសរុស្ស៊ី ប្រជាជន និងក្រុមគ្រួសាររបស់ជនរងគ្រោះ ក្នុងសោកនាដកម្មនេះ»។
នៅក្នុងសេចក្តីថ្លែងការណ៍មុននេះ ក្រុមហាម៉ាស បានសរសើររុស្ស៊ី ក៏ដូចជាចិន និងអាល់ហ្សេរី ចំពោះការបដិសេធសេចក្តីព្រាងសេចក្តីសម្រេចដោយសហរដ្ឋអាមេរិក ដែលអំពាវនាវឲ្យមានបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ជាថ្នូរនឹងចំណាប់ថ្នូរ នៅតំបន់ហ្កាហ្សា។