
សកម្មភាពដ៏ក្លៀវក្លានៃព្រឹត្តិការណ៍ដ៏សំខាន់ បានគ្របដណ្ដប់លើប្រទេសឥណ្ឌា ខណៈអ្នកគោរពបូជាសាសនាហិណ្ឌូ នៅថ្ងៃចន្ទ (ទី២៥ មីនា) នេះ បានប្រារព្ធពិធីបុណ្យ Holi (ហូលី) ជាពិធីបុណ្យដែលត្រូវបានធ្វើឡើងដោយមានការលាបពណ៌នៃក្ដីស្រឡាញ់ និងភាពរីករាយលើខ្លួន។
គេឃើញអ្នកគោរពបូជាសាសនាទាំងនោះ គប់ម្សៅពណ៌ (ហ្គូឡា) ទៅលើអាកាស លាបមុខគ្នាទៅវិញទៅមក លេងកាំភ្លើងបាញ់ទឹក (ពេជ្រការី) រាំ និងច្រៀងបទចម្រៀងពិសិដ្ឋ ដើម្បីអបអរពិធីបុណ្យនេះ។ គេក៏សង្កេតឃើញមនុស្សម្នារៀបចំពិធីបុណ្យផ្សេងៗទៀតដែរមុនបុណ្យហូលី ដែលរួមមាន «Lathmar Holi (ហូលីដំបង) និង Masan Holi (ហូលីផេះ) ដែលត្រូវបានធ្វើឡើងមុនព្រឹត្តិការណ៍ដ៏សំខាន់នៅថ្ងៃនេះ ដើម្បីអបអរសាទរដល់ការចាប់ផ្តើមនៃនិទាឃរដូវ។
គួរបញ្ជាក់ថា ពិធីបុណ្យហូលីត្រូវបានប្រារព្ធនៅទូទាំងប្រទេស ដើម្បីគោរពដល់ជ័យជម្នះនៃអំពើល្អលើអំពើអាក្រក់។ ព្រឹត្តិការណ៍នេះក៏ត្រូវបានផ្សារភ្ជាប់ជាមួយនឹងស្នេហាអមតៈរបស់ព្រះអាទិទេព Krishna (ក្រឹស្នា) ដែលមានចំពោះព្រះនាង Radha ផងដែរ៕