
ប្រភពពីរ បាននិយាយថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន ( Joe Biden) និងនាយករដ្ឋ មន្ត្រីជប៉ុន ហ្វូមីអូ គីស៊ីដា (Fumio Kishida) នឹងយល់ព្រមនៅខែក្រោយចំពោះកិច្ចសហប្រតិបត្តិការយោធាកាន់តែតឹងរ៉ឹងរួមទាំងកិច្ចពិភាក្សាស្តីពីការផ្លាស់ប្តូរដ៏សំខាន់បំផុតចំពោះរចនាសម្ព័ន្ធបញ្ជាការរបស់ទីក្រុងវ៉ាស៊ីនតោននៅអាស៊ីបូព៌ា ក្នុងរយៈពេលជាច្រើនទសវត្សរ៍។
ប្រភពព័ត៌មានដែលដឹងអំពីផែនការនេះ បានបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោន នឹងពិចារណាតែងតាំងមេបញ្ជា ការផ្កាយ៤ ដើម្បីត្រួតពិនិត្យកងកម្លាំងរបស់ខ្លួន នៅក្នុងប្រទេសជប៉ុន ជាសមភាគីជាមួយប្រមុខនៃទីបញ្ជាការកងកម្លាំងស្វ័យការពារជប៉ុន(SDF) ដែលបានស្នើឡើងឲ្យត្រួតពិនិត្យប្រតិបត្តិការយោធារបស់ប្រទេសនេះ។
រដ្ឋមន្ត្រីទទួលបន្ទុកគណៈរដ្ឋមន្ត្រីលោក Yoshimasa Hayashi បាននិយាយក្នុងសន្និសីទសារព័ត៌មានជាទៀងទាត់នៅថ្ងៃចន្ទនេះថា៖«យើងកំពុងពិភាក្សាអំពីរបៀប ដែលបញ្ជាការរួមរបស់យើង បានគ្រោងទុកអាចពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង»។ លោកបានបន្ថែមថា របៀបវារៈសម្រាប់កិច្ចប្រជុំកំពូលលោករវាងបៃដិន និងលោកគីស៊ីដា មិនទាន់ត្រូវបានសម្រេចនៅឡើយទេ។
លោកគីស៊ីដា ចង់បង្កើតទីបញ្ជាការរួមមុនដំណាច់ខែមីនា ឆ្នាំ ២០២៥។ ទីក្រុងតូក្យូ បាននិយាយថា ខ្លួនមាន «ក្តីបារម្ភយ៉ាងខ្លាំង» លើអំណាចយោធាដែលកំពុងកើនឡើងរបស់ចិន និងការគំរាមកំហែងដែលវាបង្កឲ្យកោះតៃវ៉ាន់ ស្ថិតនៅចម្ងាយជាង១០០ គីឡូម៉ែត្រ (៦២ម៉ាយ) ពីទឹកដីជប៉ុន។
មិនដូចប្រទេសជិតខាងកូរ៉េខាងត្បូងដែលកងទ័ពអាមេរិក និងកូរ៉េខាងត្បូង អាចប្រតិបត្តិការក្រោមការបញ្ជារួមរបស់ឧត្តមសេនីយផ្កាយ៤ កងកម្លាំងទ័ពអាកាស ជើងគោក និងសមុទ្ររបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសជប៉ុន មានមេបញ្ជាការផ្កាយបី ហើយមិនមានសិទ្ធិអំណាចលើកងទ័ពជប៉ុនទេ។