ភ្នំពេញ៖ ក្រុមព័ត៌មាន និងទំនាក់ទំនងសាធារណៈនៃក្រសួងយុត្តិធម៌ នៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ ២០២៤នេះ បានចេញសេចក្ដីបំភ្លឺថា ករណីក្រុមហ៊ុន CIC គឺស្ថាប័នមានសមត្ថកិច្ចមានការយកចិត្តទុកដាក់ខ្ពស់ជាប់ជាប្រចាំ និងបានធ្វើការជំហានៗដោយខិតខំសម្របសម្រួលរកដំណោះស្រាយការពារផលប្រយោជន៍របស់អ្នកវិនិយោគ និងប្រជាពលរដ្ឋស្របទៅតាមច្បាប់។
ក្រុមព័ត៌មាន និងទំនាក់ទំនងសាធារណៈនៃក្រសួងយុត្តិធម៌ បានជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ថា តាមព័ត៌មានដែលទទួលបានពីស្ថាប័នមានសមត្ថកិច្ច ករណីនេះពុំមែនជាដូចជាករណីរឿង ឡេង ចាន់ណា ដែលជាករណីសំណុំរឿងបោកប្រាស់នោះទេ។ តែករណីរឿងក្រុមហ៊ុន CIC គឺជាក្រុមហ៊ុនដែលមានការចុះបញ្ជីដើម្បីធ្វើការវិនិយោគ, មានក្រុមប្រឹក្សាភិបាលគ្រប់គ្រងច្បាស់លាស់ និងមានស្ថាប័នសមត្ថកិច្ច ត្រួតពិនិត្យកិច្ចការនេះ។
ក្រុមព័ត៌មាន និងទំនាក់ទំនងសាធារណៈនៃក្រសួងយុត្តិធម៌ បញ្ជាក់ថា កន្លងមក តាមអ្វីដែលបានដឹង គឺស្ថាប័នមានសមត្ថកិច្ចមានការយកចិត្តទុកដាក់ខ្ពស់ជាប់ជាប្រចាំចំពោះរឿងនេះ និងបានធ្វើការជំហានៗ និងខិតខំសម្របសម្រួលរកដំណោះស្រាយការពារផលប្រយោជន៍របស់អ្នកវិនិយោគតាមច្បាប់។ ដូចនេះជាព័ត៌មានមិនពិត ដែលថាអាជ្ញាធរមានសមត្ថិកិច្ចមិនធ្វើការងារលើករណីនេះ។
ក្រុមព័ត៌មាន និងទំនាក់ទំនងសាធារណៈនៃក្រសួងយុត្តិធម៌ បញ្ជាក់ថា៖«សូមរង់ចាំមើលអ្វីដែលជាដំណោះស្រាយតាមផ្លូវច្បាប់ក្នុងរឿងនេះ ដោយអាជ្ញាធរ ហើយអ្នកវិនិយោគទាំងឡាយក្នុងក្រុមហ៊ុន CIC គួរខិតខំរកវិធីដោះស្រាយបញ្ហាក្នុងពេលដែលក្រុមហ៊ុនជួបវិបត្តិ ពិសេស ត្រូវបានលើកទឹកចិត្តក្នុងការរកដំណោះស្រាយមួយដែលល្អបំផុត ដើម្បីធានាឱ្យបានជាអតិបរមានូវផលប្រយោជន៍របស់អ្នកវិនិយោគក្នុងគ្រាដែលក្រុមហ៊ុនកំពុងជួបការលំបាក»។
ក្រុមព័ត៌មាន និងទំនាក់ទំនងសាធារណៈនៃក្រសួងយុត្តិធម៌ ស្នើសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ មេត្តាជ្រាប និងរងចាំចំណាត់ការបន្តរបស់អាជ្ញាធរមានសមត្ថកិច្ច៕ ដោយ ៖ ដារា





