
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌របស់ទីក្រុងហុងកុងបានព្រមានថា ការបង្ហោះ និងចែករំលែកការរិះគន់លើច្បាប់សន្តិសុខជាតិដែលទើបអនុម័តថ្មីរបស់ទីក្រុងនេះ អាចជាការបំពានលើច្បាប់នេះ ដែលមានការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរចំពោះការបង្កចលាចល។
ច្បាប់មាត្រា២៣ ដែលចូលជាធរមានកាលពីថ្ងៃទី២៣ ខែមីនា រួមមានការផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ចំពោះបទល្មើសឧក្រិដ្ឋចំនួន ៥ប្រភេទ គឺអំពើក្បត់ជាតិ ការបះបោរ ចារកម្ម វិច្ឆេទកម្ម និងការជ្រៀតជ្រែកពីខាងក្រៅ។ ច្បាប់នេះបានពង្រីកបទល្មើស «ការបះបោរ» សម័យអាណានិគមអង់គ្លេស រួមបញ្ចូលការញុះញង់ឲ្យមានការស្អប់ខ្ពើមប្រឆាំងនឹងការដឹកនាំរបស់បក្សកុម្មុយនីស្តចិន។
រដ្ឋមន្ត្រីទទួលបន្ទុកយុត្តិធម៌ លោក Paul Lam បាននិយាយនៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍ កាលពីថ្ងៃអាទិត្យ (ទី២៤ ខែមីនា) ថា មនុស្សម្នាក់អាចនឹងកា្លយទៅជាអ្នកប្រព្រឹត្តបទល្មើស ប្រសិនបើពួកគេបង្ហោះឡើងវិញនូវសេចក្តីថ្លែងការណ៍រិះគន់តាមអ៊ីនធឺណិតដែលចេញដោយបរទេស និងមនុស្សនៅបរទេស អាស្រ័យលើ «ចេតនា និងគោលបំណង» របស់ពួកគេ។
លោក Lam បាននិយាយថា៖ «សេណារីយោដ៏ធ្ងន់ធ្ងរមួយអាចជាបុគ្គលអ្នកដែលបង្ហោះ (សេចក្តីថ្លែងការណ៍) តាមអ៊ីនធឺណិត ពីព្រោះពួកគេយល់ស្របយ៉ាងខ្លាំងជាមួយនឹងសេចក្ដីថ្លែងការណ៍នោះ ហើយពួកគេបានបន្ថែមមតិយោបល់ ធ្វើការកត់សម្គាល់បន្ថែម សម្រាប់គោលបំណងញុះញង់អ្នកស្រុកផ្សេងទៀតឲ្យមានការស្អប់ខ្ពើមប្រឆាំងនឹង (ហុងកុង) និងរដ្ឋាភិបាលកណ្តាល។ ក្នុងករណីនោះ ជាការពិតណាស់ ទង្វើនោះមានហានិភ័យ និងឱកាស (បំពានលើច្បាប់)»៕