
ឧស្សាហកម្មប្រេងរបស់រុស្ស៊ីទីបំផុត អាចនឹងរងផលប៉ះពាល់ខ្លាំង នៅពេលដែលលោកខាងលិច បង្កើនរបបទណ្ឌកម្មរបស់ខ្លួន។
កាលពីថ្ងៃសុក្រ លោកស្រី Elvira Nabiullina ទេសាភិបាលធនាគារកណ្តាលនៃប្រទេសរុស្ស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការរឹតបន្តឹងទណ្ឌកម្មរបស់ប្រទេសលោកខាងលិច កំពុងប៉ះពាល់ដល់ប្រាក់ចំណូលពីការនាំចេញប្រេងរបស់ខ្លួន។
លោកស្រី Nabiullina បាននិយាយថា៖«បន្ទាប់ពីការធ្លាក់ចុះនៅដើមឆ្នាំ ការនាំចេញ បាននឹងងើបឡើងវិញ ដែលជំរុញដោយការកើនឡើងនៃតម្លៃប្រេង» នេះបើយោងតាមកំណត់ត្រាផ្លូវការមួយ។ តម្លៃប្រេងឆៅអន្តរជាតិ កើនឡើងជាង ១០ភាគរយ មកទល់ពេលនេះ នៅឆ្នាំនេះ។
លោកស្រី បានបន្ថែមថា៖«ទោះជាយ៉ាងណាក៏ដោយ ទណ្ឌកម្មបន្ទាប់បន្សំរារាំងដំណើរការនេះ» ដោយសំដៅលើការរឹតបន្តឹងពាណិជ្ជកម្ម ដែលមានគោលបំណងរារាំងភាគីទីបី នៅខាងក្រៅសហរដ្ឋអាមេរិក ឬសហភាពអឺរ៉ុបពីការធ្វើអាជីវកម្មជាមួយរុស្ស៊ី។
សេដ្ឋកិច្ចរុស្ស៊ី នៅតែមានភាពធន់ក្នុងរយៈពេលពីរឆ្នាំក្នុងសង្គ្រាមនៅអ៊ុយក្រែន និងចំពេលមានទណ្ឌកម្មពាណិជ្ជកម្ម ដែលធ្វើឲ្យលោកខាងលិចមិនពេញចិត្ត។