
គោលនយោបាយដ៏សំខាន់របស់សហភាពអឺរ៉ុប (EU) ក្នុងការស្ដារធម្មជាតិដែលរងការខូចខាត កំពុងស្ថិតក្នុងភាពមិនច្បាស់លាស់ ដោយការបោះឆ្នោតអនុម័តច្បាប់នេះ នាថ្ងៃចន្ទ (ទី២៥ ខែមីនា) នេះ ត្រូវបានលុបចោល បន្ទាប់ពីប្រទេសហុងគ្រីបានដកការគាំទ្ររបស់ខ្លួនចំពោះច្បាប់នេះ។
ការបោះឆ្នោតលើច្បាប់ក្នុងចំណោមរដ្ឋមន្ត្រីបរិស្ថានរបស់ប្រទេសសហភាពអឺរ៉ុប នៅថ្ងៃចន្ទនេះ ត្រូវបានលុបចោល បន្ទាប់ពីហុងគ្រីបាននិយាយកាលពីសប្តាហ៍មុនថា ខ្លួននឹងមិនគាំទ្រគោលនយោបាយនេះទៀតទេ ដោយបានលុបបំបាត់រួចហើយនូវសំឡេងភាគច្រើនតិចតួចរបស់ប្រទេសដែលគាំទ្រច្បាប់នេះ។
គួរបញ្ជាក់ថា ច្បាប់ធម្មជាតិ គឺជាគោលនយោបាយបរិស្ថានចុងក្រោយរបស់សហភាពអឺរ៉ុប ដែលទទួលរងការរិះគន់ នៅពេលដែលអ្នកបង្កើតគោលនយោបាយព្យាយាមឆ្លើយតបទៅនឹងការតវ៉ាជាច្រើនខែរបស់កសិករដែលពោរពេញកំហឹង ជុំវិញលក្ខខណ្ឌនានា ក្នុងនោះរួមទាំងបទប្បញ្ញត្តិបៃតងដ៏តឹងរ៉ឹងរបស់សហភាពអឺរ៉ុបផងដែរ។ សហភាពអឺរ៉ុបបានបន្ធូរបន្ថយលក្ខខណ្ឌផ្សេងៗយ៉ាងច្រើនរួចហើយ ចំពោះច្បាប់បៃតងនេះ ដើម្បីព្យាយាមរម្ងាប់ការតវ៉ា។
រដ្ឋមន្ត្រីបរិស្ថានហុងគ្រី លោកស្រី Aniko Raisz បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃចន្ទនេះថា៖ «វិស័យកសិកម្ម គឺជាវិស័យដ៏សំខាន់មួយ មិនត្រឹមតែនៅក្នុងប្រទេសហុងគ្រីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅគ្រប់ទីកន្លែងទាំងអស់ នៅទ្វីបអឺរ៉ុប»។ លោកស្រី Raisz បាននិយាយថា ប្រទេសហុងគ្រីមិនប្រឆាំងនឹងការការពារធម្មជាតិនោះទេ ប៉ុន្តែគោលដៅបរិស្ថាន ចាំបាច់ត្រូវតែមានភាពប្រាកដនិយម និងគិតគូរដល់វិស័យដែលរងផលប៉ះពាល់ផងដែរ។
អ្នកការទូតសហភាពអឺរ៉ុបមួយចំនួន បានប្រាប់ថា ហុងគ្រីមានតំបន់ការពារធម្មជាតិដ៏ធំរួចហើយ ដូច្នេះមានន័យថា ប្រទេសនេះអាចអនុវត្តតាមខ្លឹមសារនៃច្បាប់ធម្មជាតិរបស់សហភាពអឺរ៉ុប ហើយអ្នកការទូតទាំងនោះបានលើកឡើងថា សកម្មភាពរបស់ទីក្រុង Budapest គឺជារឿងនយោបាយសុទ្ធសាធ៕