
រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោកស្រី Annalena Baerbock នៅថ្ងៃចន្ទ (ទី២៥ ខែមីនា) នេះ បានជួបជាមួយរដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប លោក Sameh Shoukry អំឡុងដំណើរទស្សនកិច្ចទៅកាន់តំបន់មជ្ឈិមបូព៌ា។
លោកស្រី Baerbock បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការធ្វើដំណើររបស់លោកស្រីកើតមានឡើង ដោយសារតែមិនមានជំនួយគ្រប់គ្រាន់ទៅដល់តំបន់ហ្កាហ្សា ហើយរដ្ឋាភិបាលអ៊ីស្រាអែលត្រូវតែបើកច្រកព្រំដែនដើម្បីឲ្យមានការផ្ដល់ជំនួយបន្ថែមទៀត។ នៅមុនការធ្វើដំណើររបស់លោកស្រីទៅកាន់ប្រទេសអេហ្ស៊ីប អ៊ីស្រាអែល និងដែនដីប៉ាឡេស្ទីន លោកស្រី Baerbock បាននិយាយថា រាល់ប្រអប់ជំនួយដែលស្ថិតនៅលើរថយន្តដឹកទំនិញ ចតនៅពីមុខរបងព្រំដែននៃតំបន់ហ្កាហ្សា គឺមានចំនួនច្រើនពេកហើយ។
គួរបញ្ជាក់ថា ចាប់តាំងមានពីការវាយប្រហារថ្ងៃទី៧ ខែតុលាលើអ៊ីស្រាអែលដោយក្រុមហាម៉ាស លោកស្រី Baerbock បានទៅកាន់តំបន់នេះ ៦ដងហើយ ហើយលោកស្រីបាននិយាយថា នឹងទៅម្តងទៀត ដើម្បីធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបាន ក្នុងការស្វែងរកដំណោះស្រាយ។
ជាមួយគ្នានេះ លោកស្រី Baerbock បានសង្កត់ធ្ងន់ថា ការពិភាក្សារបស់លោកស្រី នឹងផ្តោតលើអ្វីដែលព្រំដែននយោបាយអាចទៅរួច។ លោកស្រីបាននិយាយថា មានតែទស្សនៈនៃដំណោះស្រាយរដ្ឋ២ជាមួយអាជ្ញាធរកំណែទម្រង់ប៉ាឡេស្ទីន ដែលជាជំហានដំបូងឆ្ពោះទៅរករដ្ឋប៉ាឡេស្ទីនប្រជាធិបតេយ្យប៉ុណ្ណោះទេ ទើបអាចផ្តល់ឲ្យប្រជាជននូវជីវិតប្រកបដោយសន្តិសុខ និងសេចក្តីថ្លៃថ្នូរ៕