
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង នៅថ្ងៃចន្ទ (ទី២៥ ខែមីនា) នេះ បានឲ្យដឹងថា មន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងដឹកនាំគណៈប្រតិភូទៅប្រទេសចិន បានជួបជាមួយរដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi កាលពីថ្ងៃសៅរ៍ (ទី២៣ ខែមីនា) ហើយបានអំពាវនាវឲ្យមានការពង្រឹងទំនាក់ទំនង រវាងប្រទេសជិតខាងទាំង២។
ទូរទស្សន៍រដ្ឋរបស់កូរ៉េខាងជើង KRT បានចេញផ្សាយរូបភាពរបស់ប្រធាននាយកដ្ឋានអន្តរជាតិនៃគណបក្សពលករកូរ៉េខាងជើងដែលកំពុងកាន់អំណាច គឺលោក Kim Song Nam ដែលកំពុងជួបជាមួយលោក Wang នៅឯផ្ទះសំណាក់រដ្ឋ Diaoyutai ក្នុងទីក្រុងប៉េកាំង។
ប្រព័ន្ធផ្សព្វផ្សាយ KRT បាននិយាយថា លោក Kim បានអំពាវនាវដល់វិស័យដែលទទួលបន្ទុកកិច្ចការបរទេសនៃប្រទេសទាំង២ ឲ្យរួមចំណែកដល់ការពង្រឹងទំនាក់ទំនងទ្វេភាគីបន្ថែមទៀត ខណៈដែលលោក Wang បានសម្តែងការជឿជាក់ថា ទំនាក់ទំនងមិត្តភាពទ្វេភាគី នឹង «រីកចម្រើនឥតឈប់ឈរ» ក្រោមការដឹកនាំរបស់ប្រធានាធិបតីចិន លោក Xi Jinping និងមេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un។
គួរបញ្ជាក់ថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍កាលពីសប្តាហ៍មុនថា គណៈប្រតិភូកូរ៉េខាងជើងប្រចាំនៅប្រទេសចិន វៀតណាម និងឡាវ បានទៅដល់ទីក្រុងប៉េកាំង កាលពីថ្ងៃព្រហស្បតិ៍ (២១ មីនា) ខណៈដែលប្រទេសឯកោមួយនេះ ពង្រីកទំនាក់ទំនងការទូតរបស់ខ្លួន បន្ទាប់ពីបិទខ្ទប់ទប់ស្កាត់ជំងឺកូវីដ-១៩។ ដំណើរទស្សនកិច្ចនេះធ្វើឡើងក្នុងពេលដែលលោក Xi និងលោក Kim បានប្តេជ្ញាឲ្យមានទំនាក់ទំនងកាន់តែជិតស្និទ្ធ នៅដើមឆ្នាំនេះ៕