ទំនាក់ទំនងរវាងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានធ្លាក់ចុះដល់កម្រិតទាបមួយក្នុងសម័យសង្គ្រាម កាលពីថ្ងៃចន្ទ (២៥ មីនា) ដោយសហរដ្ឋអាមេរិក អនុញ្ញាតឱ្យអនុម័តសេចក្ដីសម្រេចបទឈប់បាញ់តំបន់ហ្កាហ្សា នៅអង្គការសហប្រជាជាតិ និងបានទាក់ទាញការស្តីបន្ទោសយ៉ាងខ្លាំងពីមេដឹកនាំអ៊ីស្រាអែល។

លោក ណេតាន់យ៉ាហ៊ូ បានលុបចោលដំណើរទស្សនកិច្ចទៅកាន់ទីក្រុង វ៉ាស៊ីនតោន ក្នុងសប្តាហ៍នេះដែលដឹកនាំដោយគណៈប្រតិភូជាន់ខ្ពស់មួយរូប ដើម្បីពិភាក្សាអំពីការវាយលុករបស់អ៊ីស្រាអែលនៅក្នុងទីក្រុង រ៉ាហ្វា (Rafah) ភាគខាងត្បូងហ្កាហ្សា បន្ទាប់ពីសហរដ្ឋអាមេរិក បានអនុបវាទនៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាសន្តិសុខ ដែលទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស និងការដោះលែងចំណាប់ថ្នូរទាំងអស់ ដែលត្រូវបានចាប់ខ្លួនដោយពួកសកម្មប្រយុទ្ធប៉ាឡេស្ទីននេះ។

ការផ្អាកកិច្ចប្រជុំនោះ បានដាក់ឧបសគ្គថ្មីដ៏ធំមួយនៅក្នុងផ្លូវនៃកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ដែលព្រួយបារម្ភអំពីគ្រោះមហន្តរាយមនុស្សធម៌ដ៏ស៊ីជម្រៅនៅក្នុងតំបន់ហ្កាហ្សា ដើម្បីឱ្យលោក ណេតាន់យ៉ាហ៊ូ ពិចារណាជម្រើសផ្សេងជំនួសការឈ្លានពានជើងគោកលើក្រុង រ៉ាហ្វា ដែលជាជម្រកសុវត្ថិភាពចុងក្រោយសម្រាប់ជនស៊ីវិលប៉ាឡេស្ទីន។

ការគំរាមវាយលុកបែបនេះ បានបង្កើនភាពតានតឹងរវាងសម្ព័ន្ធមិត្តដ៏យូររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ហើយបានចោទជាសំណួរថាតើសហរដ្ឋអាមេរិក អាចនឹងដាក់កម្រិតលើជំនួយយោធាឬយ៉ាងណា ប្រសិនបើលោក ណេតាន់យ៉ាហ៊ូ ប្រឆាំងនឹងលោក បៃដិន ហើយរឹងទទឹងបន្តទៅមុខជាមួយផែនការក្រុងរ៉ាហ្វានេះ៕