ប្រទេសចិន បានព្រមានហ្វីលីពីន កាលពីថ្ងៃចន្ទ (២៥ មីនា) ឱ្យធ្វើសកម្មភាពដោយប្រុងប្រយ័ត្ន និងស្វែងរកការសន្ទនា ដោយនិយាយថាទំនាក់ទំនងរបស់ពួកគេគឺកំពុងស្ថិតនៅលើ «ផ្លូវបំបែក» ខណៈដែលការប្រឈមមុខដាក់គ្នាថ្មីៗរវាងឆ្មាំល្បាតឆ្នេរសមុទ្ររបស់ពួកគេជុំវិញការទាមទារដែនសមុទ្រ ធ្វើឱ្យភាពតានតឹងកាន់តែស៊ីជម្រៅ។

នេះគឺជាការព្រមានលើកទីពីរដោយក្រសួងការបរទេសចិន ក្នុងរយៈពេល ៣ ខែ ខណៈដែលប្រទេសទាំងពីរបានឈ្លោះគ្នាដោយបើកចំហចំពោះការទាមទារទឹកដីនៅក្នុងប្រជុំកោះ ស្ព្រាតលី (Spratly) ដែលជាប្រជុំកោះភាគច្រើនគ្មានមនុស្សរស់នៅនៅក្នុងសមុទ្រចិនខាងត្បូង។

សារព្រមាននេះត្រូវបានបញ្ជូនដោយអនុរដ្ឋមន្ត្រីការបរទេសចិន លោក ឈិន សាវតុង (Chen Xiaodong) ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទជាមួយសមភាគីហ្វីលីពីន លោកស្រី ថឺរ៉េសា ឡាហ្សារូ (Theresa Lazaro) ស្របពេលមានជម្លោះកាន់តែអាក្រក់ទៅៗ ជុំវិញការប៉ះទង្គិចគ្នានៅឯដែនទឹក សេខិន ថូម៉ាស ស្ហូល (Second Thomas Shoal) នៅសមុទ្រចិនខាងត្បូង។

ហ្វីលីពីន បានចោទប្រកាន់ឆ្មាំល្បាតឆ្នេររបស់ចិន ថាបានប្រើប្រាស់កាណុងបាញ់ទឹកប្រឆាំងនឹងទូកស៊ីវិលដែលផ្គត់ផ្គង់កងទ័ពកាលពីថ្ងៃសៅរ៍ នៅឯដែនទឹក សេខិន ថូម៉ាស ស្ហូល ដែលខ្លួនបាននិយាយថាបានធ្វើឱ្យទូកខូចខាត និងធ្វើឱ្យនាវិកមួយចំនួនរងរបួស។ ឆ្មាំល្បាតឆ្នេរចិនបាននិយាយកាលពីថ្ងៃសៅរ៍ថា ខ្លួនបានចាត់វិធានការចាំបាច់ប្រឆាំងនឹងនាវាហ្វីលីពីន ដែលឈ្លានពាននៅក្នុងដែនទឹករបស់ខ្លួនប៉ុណ្ណោះ៕