ក្រុមគ្រួសាររបស់ចំណាប់ថ្នូរ ដែលក្រុមហាម៉ាសចាប់ឃុំខ្លួន នៅតំបន់ហ្កាហ្សា បាននិយាយថាមនុស្សជាទីស្រលាញ់របស់ពួកគេ គួរតែត្រូវបានដោះលែងនៅមុនពេលមានបទឈប់បាញ់នៅក្នុងតំបន់ហ៊ុមព័ទ្ធប៉ាឡេស្ទីន។

កាលពីព្រឹកថ្ងៃចន្ទ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានអនុម័តសេចក្តីសម្រេចមួយទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់រវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន។

សាច់ញាតិរបស់ចំណាប់ថ្នូរម្នាក់ បាននិយាយប្រាប់សារព័ត៌មានរ៉យទ័រនៅទីលានមួយកន្លែងក្នុងទីក្រុង Tel Aviv ថា ពុំអាចមានបទឈប់បាញ់ ដោយមិននាំយកចំណាប់ថ្នូរត្រឡប់មកទៅផ្ទះវិញនោះទេ ដំបូងត្រូវនាំពួកគេត្រឡប់មកផ្ទះ ហើយបន្ទាប់មកនៅទីនោះ នឹងមានបទឈប់បាញ់។
សហរដ្ឋអាមេរិក បានបោះឆ្នោតអនុបវាទនៅក្រុមប្រឹក្សាសន្តិសុខ ដែលបង្កឱ្យមានជម្លោះជាមួយអ៊ីស្រាអែលជាសម្ព័ន្ធមិត្តរបស់ខ្លួន។
សមាជិកក្រុមប្រឹក្សាចំនួន ១៤រូបដែលនៅសល់ បានបោះឆ្នោតគាំទ្រសេចក្តីសម្រេច ដែលស្នើឡើងដោយសមាជិកជាប់ឆ្នោតទាំង ១០រូប របស់ស្ថាប័ននេះ ទាមទារឱ្យមានការដោះលែងចំណាប់ថ្នូរទាំងអស់ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា ភាពបរាជ័យរបស់សហរដ្ឋអាមេរិក ក្នុងការប្រើសិទ្ធវ៉េតូ ចំពោះសេចក្តីសម្រេច គឺជា «ការដកថយយ៉ាងច្បាស់» ពីជំហររបស់ខ្លួនកាលពីពេលមុន ហើយនឹងធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងសង្គ្រាមរបស់អ៊ីស្រាអែល និងបំណងឱ្យមានការដោះលែងចំណាប់ថ្នូរជាង ១៣០ នាក់ ដែលនៅតែត្រូវបានឃុំខ្លួនដោយក្រុមហាម៉ាស។