រដ្ឋមន្ត្រីអ៊ីស្រាអែលជើងចាស់ម្នាក់ ដែលបានចូលរួមជាមួយរដ្ឋាភិបាលរួបរួមគ្រាអាសន្នរបស់លោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បន្ទាប់ពីការវាយប្រហារកាលពីថ្ងៃទី០៧ ខែតុលា របស់ពួកហាម៉ាស បាននិយាយកាលពីថ្ងៃចន្ទ ថាខ្លួនបានលាលែងពីតំណែង បន្ទាប់ពីមិនត្រូវបានដាក់បញ្ចូលក្នុងគណៈរដ្ឋមន្ត្រីសង្គ្រាមកម្រិតខ្ពស់បំផុត។

លោក ហ្គីឌៀន សា (Gideon Saar) បានចូលរួមក្នុងរដ្ឋាភិបាលរួបរួមជាមួយនឹងសមាជិកបក្សប្រឆាំងមួយចំនួនទៀត ដើម្បីជួយគ្រប់គ្រងសង្រ្គាមប្រឆាំងក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា។
ការចាកចេញរបស់លោក សា រួមជាមួយនឹងសម្ព័ន្ធមិត្តរបស់លោកផ្សេងទៀត មិនត្រូវបានរំពឹងថានឹងប៉ះពាល់ដល់ស្ថិរភាពនៃរដ្ឋាភិបាលរបស់លោក ណេតាន់យ៉ាហ៊ូ ដែលនៅតែគ្រប់គ្រងសំឡេងភាគច្រើនច្បាស់លាស់នៅក្នុងសភាទេ។

លោក សា ធ្លាប់ជាគូប្រជែងនឹងលោក ណេតាន់យ៉ាហ៊ូ នៅក្នុងគណបក្សស្តាំនិយម លីគុត (Likud) មុនពេលចូលរួមជាមួយប្លុកកណ្តាលនិយម ដែលដឹកនាំដោយអតីតប្រមុខយោធា លោក បេននី ហ្កាន់ស៍ (Benny Gantz) ហើយអ្នកទាំងពីរនេះបានរួមគ្នាចូលទៅក្នុងរដ្ឋាភិបាលគ្រាអាសន្ន។
លោក ហ្កាន់ស៍ បានក្លាយជាសមាជិកនៃវេទិកាតូចក្នុងការធ្វើការសម្រេចចិត្តនៅក្នុងគណៈរដ្ឋមន្ត្រីសង្រ្គាម ខណៈពេលដែល លោក សា មិនត្រូវបានគេដាក់បញ្ចូលនោះទេ។
ការលាលែងពីតំណែងនេះមិនមានការភ្ញាក់ផ្អើលឡើយ ខណៈលោក សា បានបែកបាក់សម្ព័ន្ធភាពជាមួយលោក ហ្កាន់ស៍ កាលពីដើមខែនេះ៕