សៀមរាប : ប្រជាពរដ្ឋនៅក្នុងឃុំចំនួនពីរ ស្ថិតក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប ទទួលបានផ្លូវក្រាលកៅស៊ូ DBST មួយខ្សែប្រវែងជិត ១២ គីឡូម៉ែត្រ បានស្ថាបនារួចរាល់មួយរយភាគរយ ស្ថិតក្រោមក្របខ័ណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ ដោយផ្លូវនេះបានផ្តល់អត្ថប្រយោជន៍យ៉ាងខ្លាំង សម្រាប់សម្រួលដល់ធ្វើដំណើរជាសាធារណៈ ជាពិសេសប្រជាពលរដ្ឋនៅមូលដ្ឋាន។
ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ២០២៤ នេះ បានដឹកនាំក្រុមការងារអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីចុះត្រួតពិនិត្យ និងវាយតម្លៃ លើការងារស្ថាបនាផ្លូវក្រាលកៅស៊ូ DBST ចំនួន ១ ខ្សែ ប្រវែង ១១៩០០ ម៉ែត្រ, ទទឹង ៧ ម៉ែត្រ, សាងសង់លូប្រអប់មុខមួយមានទ្វារទឹកចំនួន ១ កន្លែង និងលូមូលគ្រប់ប្រភេទចំនួន ១០កន្លែង នៅភូមិច្រនៀង ឃុំស្រណាល ទៅភូមិ សង្កែ ឃុំស្នួល ស្រុកក្រឡាញ់ ខេត្តសៀមរាប។
ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងថា ក្រសួងអភិវឌ្ឍន៍ជនបទ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បានកំពុងខិតខំប្រឹងប្រែងយក ចិត្តទុកដាក់ខ្ពស់ ដោយបានអនុវត្តគម្រោងផ្សេងៗជាច្រើន ដែលស្ថិតនៅក្រោមក្របខ័ណ្ឌក្រសួង ជាពិសេសគម្រោងស្ថាបនាផ្លូវជនបទជាដើម ព្រោះផ្លូវមានសារៈសំខាន់ណាស់ និងជាសរសៃរឈាមនៃសេដ្ឋកិច្ច មិនថានៅជនបទ ទីប្រជុំជន ឬនៅទីក្រុងឡើយ ជាក់ស្តែងការ ស្ថាបនាផ្លូវក្រាលកៅស៊ូ DBST អនុវត្តដោយកងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប ប្រើប្រាស់ថវិកាជំពូក ២១ ខាងលើនេះ ឯកឧត្តមរដ្ឋលេខាធិការ បានឯកភាព និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងអនុវត្តទៅតាមផែនការ ស្របតាមបទដ្ឋានបច្ចេកទេសបានត្រឹមត្រូវ។
ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ លើកឡើងបន្ថែមទៀតថា ចំពោះការស្ថាបនាផ្លូវខាងលើនេះ និងផ្តល់អត្ថប្រយោជន៍ជាច្រើន សម្រាប់ជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងសាធារណជនទូទៅដែលធ្វើដំណើរឆ្លងកាត់តំបន់នេះ ការបង្កភាពងាយស្រួល ក្នុងការធ្វើចរាចរណ៍ទៅមក ការដឹកជញ្ជូនកសិផល និងដំណាំបន្ទាប់បន្សំរបស់ប្រជាពលរដ្ឋទៅកាន់ទីផ្សារ ការជួយសម្រួលដល់សិស្សានុ សិស្សធ្វើដំណើរទៅកាន់សាលារៀន និងការដឹកជញ្ជូនអ្នកជងឺមកកាន់មណ្ឌលសុខភាពជាដើម ពោលគឺការអភិវឌ្ឍហេដ្ឋារចនា សម្ព័ន្ធនៅតាមមូលដ្ឋាន ស្ថិតក្រោមក្របខ័ណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ បាននឹងកំពុងតភ្ជាប់មានភាពប្រទាក់ក្រឡាទៅកាន់តំបន់ផ្សេងៗ។ ជុំវិញការចចុះពិនិត្យផ្លូវខាងលើនេះដែរ, ឯកឧត្តមក៏បានសំណូមពរដល់អាជ្ញាធរមូលដ្ឋានភូមិ-ឃុំ ដែលមានតួនាទីទទួលបន្ទុកថែទាំបន្ត ត្រូវសហការណែនាំឱ្យប្រជាពលរដ្ឋ ចូលរួមក្នុងការថែទាំផ្លូវខាងលើឱ្យបានល្អប្រសើរ ប្រកបដោយគុណភាព ដើម្បីរក្សាគុណភាព ផ្លូវឱ្យបានគង់វង្សយូរអង្វែង៕
អត្ថបទ៖ សុន រ៉ាឌី







