ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃចន្ទថា ភាពចលាចលថ្មីៗពាក់ព័ន្ធនឹងក្រុមប្រឹក្សាប្រធានាធិបតីអន្តរកាលដែលនឹងទទួលខុសត្រូវក្នុងការជ្រើសរើសមេដឹកនាំថ្មីរបស់ប្រទេសហៃទី បានបង្កឱ្យមានការច្របូកច្របល់នៃកិច្ចប្រជុំជាមួយមេដឹកនាំតំបន់សមុទ្រការ៉ាអ៊ីប និងមន្ត្រីមកពីសហរដ្ឋអាមេរិក កាណាដា និងបារាំង។

មន្ត្រីក្នុងតំបន់ដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់សារព័ត៌មាន AP ថាក្រុមប្រឹក្សានេះ ពុំទាន់បានបង្កើតនៅឡើយទេ ព្រោះតែព្រួយបារម្ភពីសុវត្ថិភាពសមាជិករបស់ខ្លួន ក្នុងចំណោមបញ្ហាផ្សេងទៀត ។ មន្ត្រីខាងលើ ដែលមានមូលដ្ឋាននៅប្រទេស ហ្គីយ៉ាណា (Guyana) បម្រើការជាទីស្នាក់ការកណ្តាលសម្រាប់ប្លុកពាណិជ្ជកម្មក្នុងតំបន់ ត្រូវគេស្គាល់ថា ការីកូម (Caricom) ដែលជួយបង្កើតក្រុមប្រឹក្សាអន្តរកាល។

ការពន្យាពេលក្នុងការបង្កើតក្រុមប្រឹក្សានេះ កើតឡើងស្របពេលក្រុមជនអន្ធពាលបន្តបើកការវាយប្រហារនៅទូទាំងរដ្ឋធានីរបស់ប្រទេសហៃទី។ ចាប់តាំងពីថ្ងៃទី ២៩ខែកុម្ភៈមក ខ្មាន់កាំភ្លើងបានដុតប៉ុស្តិ៍នគរបាល បើកការបាញ់ប្រហារលើអាកាសយានដ្ឋានអន្តរជាតិដ៏សំខាន់ដែលនៅតែបិទទ្វារនៅឡើយ ហើយបានវាយលុកចូលពន្ធនាគារដ៏ធំបំផុតពីររបស់ប្រទេសនេះ ដោយបានដោះលែងអ្នកទោសជាង ៤ពាន់នាក់។

មនុស្សរាប់សិបនាក់ត្រូវបានសម្លាប់ ហើយមនុស្សជាង ៣៣.០០០ នាក់បានភៀសខ្លួនចេញពីរដ្ឋធានីព័រ -អូ-ប្រាំង (Port-au-Prince)ដោយសារតែការវាយប្រហាររាល់ថ្ងៃ។
យោងតាមក្រសួងការបរទេសសហរដ្ឋអាមេរិកបានឱ្យដឹងថា ពលរដ្ឋអាមេរិកជាង៣៤០នាក់ ត្រូវបានជម្លៀសចេញពីប្រទេសហៃទី ចាប់តាំងពីថ្ងៃទី ១៧ ខែមីនា ភាគច្រើនមកពី រដ្ឋធានី ព័រ-អូ-ប្រាំង(Port-au-Prince)៕