រដ្ឋមន្ត្រីការបរទេសកាណាដា លោកស្រី មេឡានី ចូលី (Melanie Joly) បាននិយាយថា ប្រទេសកាណាដាកាលពីថ្ងៃចន្ទ (២៥ មីនា) បានចាប់ផ្តើមជម្លៀសជនជាតិកាណាដា ដែលចង់ចាកចេញពីប្រទេសហៃទី នៅពេលដែលអំពើហឹង្សារបស់ក្រុមជនអន្ធពាលរីករាលដាល ដោយផ្តល់អាទិភាពដល់អ្នកដែលងាយរងគ្រោះ។

ការចាកចេញរបស់បរទេសពីប្រទេសហៃទី បានកើនឡើងនាពេលថ្មីៗនេះ ខណៈដែលអនាគតនយោបាយរបស់ប្រទេសនេះ ស្ថិតក្នុងភាពស្រពិចស្រពិល ជាមួយនឹងក្រុមជនអន្ធពាលប្រដាប់អាវុធបានពង្រីកការគ្រប់គ្រងរបស់ពួកគេលើរដ្ឋធានី និងនៅទីតាំងឆ្ងាយៗបន្ថែមទៀត។

ជម្លោះនេះបានសម្លាប់មនុស្សរាប់ពាន់នាក់ និងធ្វើឱ្យមនុស្សរាប់សែននាក់ភៀសខ្លួន។ រលកនៃការវាយប្រហារក្នុងខែនេះ រួមមានការវាយឆ្មក់ទៅលើស្ថានីយ៍នគរបាល និងអាកាសយានដ្ឋានអន្តរជាតិ ដែលនាំទៅដល់ការផ្អាកជើងហោះហើរពាណិជ្ជកម្ម។

លោកស្រី ចូលី បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុង អូតាវ៉ា ថា កាណាដា ដំបូងនឹងសម្របសម្រួលការធ្វើដំណើរទៅកាន់សាធារណរដ្ឋដូមីនីក ដែលចែករំលែកកោះ ហីសផេនីអូឡា (Hispaniola) ជាមួយហៃទី សម្រាប់ជនជាតិកាណាដាដែលងាយរងគ្រោះ ដូចជាអ្នកដែលត្រូវការការថែទាំសុខភាព ឬអ្នកដែលមានកូនតូចជាដើម។
អាជ្ញាធរបាននិយាយថា ជនជាតិកាណាដាប្រហែល ៣០ នាក់ដែល «ត្រៀមខ្លួនរួចរាល់ក្នុងការធ្វើដំណើរ» ជាមួយនឹងឯកសារចាំបាច់ រហូតមកដល់ពេលនេះបានស្នើសុំដើម្បីចាកចេញពីប្រទេសដែលហែកហួរដោយអំពើហិង្សាក្រុមជនអន្ធពាលមួយនេះ៕