គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នឹងបង្កើតកងអន្តរាគមន៍ពីរបន្ថែមទៀត ដើម្បីជួយដល់ប្រតិបត្តិការអន្តរាគមន៍បង្ការ និងពន្លត់អគ្គិភ័យដែលកើតឡើងច្រើនជាងគេក្នុងចំណោមគ្រោះមហន្តរាយនានា។

ថ្លែងក្នុងឱកាសអញ្ជើញដឹកនាំកិច្ចច្រជុំពិគ្រោះយោបល់លើផែនការសកម្មភាពជាតិសម្រាប់កាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ឆ្នាំ២០២៤-២០២៨ ដែលមានការចូលរួមពីបណ្តាក្រសួង-ស្ថាប័ន ជាលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានថ្លែងនូវការកោតសរសើរ និងអរគុណចំពោះក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ដែលបានចូលរួមសហការលើកកម្ពស់ការគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ដោយធ្វើការឆ្លើយតបសង្គ្រោះព្រោះបន្ទាន់ និងការស្ដារឡើងវិញបានទាន់ពេលវេលានៅពេលមានគ្រោះមហន្តរាយផ្សេងៗកើតឡើងកន្លងមកដូចជាទឹកជំនន់ជាដើម។

នាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី មានប្រសាសន៍ថា ក្នុងចំណោមបញ្ហាគ្រោះមហន្តរាយដែលកើតឡើងក្នុងឆ្នាំ២០២៣ និងគិតមកត្រឹមពេលបច្ចុប្បន្ន គឺគ្រោះមហន្តរាយដោយសារអគ្គិភ័យបានកើតឡើងរាប់រយករណី និងមានផ្ទះឆាបឆេះប្រមាណ៧០០ខ្នង ក្នុងនោះកាលពីថ្មីៗនេះមានការឆាបឆេះរោងចក្រ សហគ្រាសជាដើម។ ឯកឧត្តមទេសរដ្ឋមន្រ្តី បញ្ជាក់ថា យោងតាមប្រតិបត្តិការក្នុងករណីអគ្គិភ័យកន្លងមកទទួលបានកិច្ចសហការយ៉ាងល្អប្រសើររវាងកងកម្លាំងចំណុះឱ្យក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយកត់សម្គាល់ឃើញថា ក្នុងចំណោមកងទាំង១៦ដែលក្រោមការសម្របសម្រួល និងបញ្ជាដោយផ្ទាល់របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក៏មិនទានអាចឆ្លើយតបចំពោះករណីអគ្គិភ័យដែលកើនឡើង ជាពិសេសក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។

ឆ្លើយតបទៅនឹងបញ្ហានេះ និងក្នុងនាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានស្នើសុំទៅសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ពិនិត្យ និងសម្រេច ក្នុងការដោះស្រាយផលលំបាក ដើម្បីបង្កើនកងកម្លាំងជំនាញជាមួយឧបករណ៍ថ្មីៗបន្ថែមទៀតជួយដល់ប្រតិបត្តិការនាពេលខាងមុខ។
នាឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី បានស្នើដល់ក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិ ពិចារណាអំពីការរៀបចំរថយន្តបង្ការ និងពន្លត់អគ្គិភ័យក្នុងមួយអង្គភាពយ៉ាងហោចណាស់មានចំនួន១០គ្រឿង ដែលមានលទ្ធភាពកាន់តែប្រសើរជាងមុនក្នុងការកាត់បន្ថយផលប៉ះពាល់ធ្ងន់ធ្ងរដែលកើតឡើងដោយសាករណីអគ្គិភ័យ មិនថាករណីឆាបឆេះផ្ទះប្រជាពលរដ្ឋ ឬរោងចក្រ សហគ្រាសជាដើម។

យ៉ាងណាមិញ ឯកឧត្តមទេសរដ្ឋមន្រ្តី បញ្ជាក់ថា ការរៀបចំផែនការសកម្មភាពជាតិសម្រាប់កាត់បន្ថយហានិភ័យគ្រោះមហន្តរាយ២០២៤-២០២៨ គឺជាសមិទ្ធផលថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងអាណត្តិរាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបន្តផ្តល់អាទិភាពខ្ពស់លើការគ្រប់គ្រងគ្រោះមហន្តរាយ ដោយធ្វើការឆ្លើយតបលើគ្រប់ទិដ្ឋភាព និងគ្រប់កាលៈទេសៈនៃហេតុការណ៍ គ្រោះមហន្តរាយ ដែលតម្រូវឱ្យរាជរដ្ឋាភិបាលធ្វើអ្វីៗគ្រប់យ៉ាងដែលអាចធ្វើទៅបាន ដើម្បីការពារអាយុជីវិតប្រជាជន ទ្រព្យសម្បត្តិ ដោយមិនទុកចោលប្រជាជនរងគ្រោះណាម្នាក់មិនបានដោះស្រាយឡើយ និងរាល់ហេតុការណ៍ដែលកើតមាន ដូចជា ទឹកជំនន់ រាំងស្ងួត រលំបាក់អគារ អគ្គិភ័យជាដើម។

ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានក្រើនរំលឹកដល់បណ្តាក្រសួង-ស្ថាប័ន ដែលជាលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ ដែលពាក់ព័ន្ធនឹងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ គឺជាការងារប្រទាក់ក្រឡាដែលមិនអាចស្ថាប័នណាមួយអនុវត្តឯកឯងបានឡើយ គឺត្រូវមានការសម្របសម្រួលឱ្យបានល្អ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងគ្រប់វិស័យ អនុវត្តរួមគ្នាដោយក្រសួងស្ថាប័នរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងអង្គការសង្គមស៊ីវិល៕


