ព្រះវិហារ : ផ្លូវជនបទជាច្រើន ស្ថិតនៅក្រោមក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ បាននឹងកំពុងតភ្ជាប់មានភាពប្រទាក់ក្រឡាទៅកាន់តំបន់ ផ្សេងៗ ដោយបានផ្តល់អត្ថប្រយោជន៍យ៉ាងសំខាន់ សម្រាប់ជួយសម្រួលដល់ប្រជាពលរដ្ឋមូលដ្ឋាន និងសាធារណជនទូទៅដែលធ្វើ ដំណើរឆ្លងកាត់។
ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាសមាជិកគណៈកម្មាធិការលទ្ធកម្ម គ.ល នៅថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ២០២៤ នេះ បានដឹកនាំក្រុមការងារអន្តរក្រសួង ចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពលើលទ្ធផលការងារ ស្ថាបនាផ្លូវក្រាលដីល្បាយក្រួសចំនួន ១ខ្សែ ប្រវែង ៧ ពាន់ម៉ែត្រ, ទទឹង ៨ ម៉ែត្រ, កម្រាស់ ០,២ ម៉ែត្រ, សាងសង់លូប្រអប់មុខបី ចំនួន ១ កន្លែង, លូមូលមុខពីរចំនួន ១ កន្លែង, និងលូមូលមុខបីចំនួន ៤ កន្លែង ស្ថិតនៅភូមិគុណភាព ទៅភូមិណារ៉ុង និងភូមិដងផ្លិត ក្នុងឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ គម្រោងនេះអនុវត្តដោយ នាយកដ្ឋានវិស្វកម្មនៃក្រសួងការពារជាតិ។
ទាក់ទងផ្លូវខាងលើនេះ, លោកវរសេនីយ៍ឯក ខេង សាវុធ បានជម្រាបជូនគណៈកម្មការអន្តរក្រសួងថា ស្ថានភាពការងារ ស្ថាបនាផ្លូវក្រាលដីល្បាយក្រួសខាងលើនេះ បន្ទាប់ពីបានគោលការណ៍ឯកភាពពីក្រសួងអភិវឌ្ឍន៍ជនបទ នាយកដ្ឋានវិស្វកម្មនៃក្រសួង ការពារជាតិ បានអនុវត្តការងារភ្លាមៗ ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន សម្រាប់សម្រួលដល់ការធ្វើចរាចរទៅមក ការដឹកជញ្ជូនកសិផល និងដំណាំបន្ទាប់បន្សំរបស់ប្រជាពលរដ្ឋមកកាន់ទីផ្សារជាដើម ជាក់ស្តែងមកដល់ពេលនេះ ការងារស្ថាបនាផ្លូវ និងលូ បានធ្វើការត្រួតពិនិត្យ និងវាយតម្លៃលើលទ្ធផលការងារអនុវត្តសម្រេចបាន ១០០ ភាគរយ គិតមកដល់ត្រឹមថ្ងៃនេះ ឃើញថា មានរយៈពេលជាង ៧ខែមកហើយ។
ជុំវិញការងារស្ថាបនានេះ ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង បានកោតសរសើរចំពោះការយកចិត្តទុកដាក់ លើលទ្ធផលការងារ ស្ថាបនាផ្លូវក្រាលដីល្បាយក្រួសបានល្អប្រសើរ និងបានឯកភាព ប្រគល់-ទទួលបញ្ចប់ជាស្ថាពរ រយៈពេលធានាសុពលភាពការងារ ស្ថាបនាផ្លូវក្រាលដីល្បាយក្រួសខាងលើនេះដែរ ដោយបានអនុវត្តទៅតាមផែនការ និងប្រកបដោយគុណភាព ព្រោះផ្លូវមានសារៈ សំខាន់ណាស់ ក្នុងការជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ មិនថាប្រជាពលរដ្ឋនៅមូលដ្ឋាន ឬប្រជាពលរដ្ឋធ្វើដំណើរឆ្លង កាត់នោះឡើយ ពោលគឺការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅតាមមូលដ្ឋាន ដែលស្ថិតនៅក្រោមក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ បានកំពុងតភ្ជាប់មានភាពប្រទាក់ក្រឡាទៅកាន់តំបន់ផ្សេងៗ ដែលគម្រោងទាំងនោះ គឺបានកើតឡើងក្រោមការខិតខំប្រឹងប្រែងរបស់ រាជរដ្ឋាភិបាល ដែលបានគិតគូរនិងមានផែនការច្បាស់លាស់ ដើម្បីតភ្ជាប់ផ្លូវពីមូលដ្ឋានមកកាន់ទីប្រជុំជន និងទីក្រុងជាដើម៕
អត្ថបទ៖ សុន រ៉ាឌី




