ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃចន្ទថា ក្រុមសកម្មប្រយុទ្ធឥស្លាមនិយមនៅពីក្រោយការវាយប្រហារភេរវកម្មដ៏ឃៅឃៅបំផុត នៅក្នុងប្រទេសរុស្ស៊ី ប៉ុន្តែលោកបាននិយាយថា ការបាញ់ប្រហារក៏ស្របគ្នាទៅនឹងយុទ្ធនាការនៃការបំភិតបំភ័យរបស់អ៊ុយក្រែន ដែលបាននិយាយបដិសេធក្នុងការជាប់ពាក់ព័ន្ធណាមួយក្នុងការវាយប្រហារនេះ។

ដោយប្រើវោហាសាស្ត្រ ដែលលោកពូទីន បានប្រើប្រាស់ចាប់តាំងពីការចាប់ផ្តើមការវាយលុកពេញលេញរបស់រុស្ស៊ី ទៅលើអ៊ុយក្រែន លោក ពូទីន បាននិយាយថា រុស្ស៊ីត្រូវតែរកឱ្យឃើញថាតើនរណាបានទទួលផលប្រយោជន៍ពីការវាយប្រហារនេះ ហើយនរណាជាអ្នកបញ្ជាវា។

មនុស្សជាង ១៣០នាក់ ត្រូវបានសម្លាប់នៅពេលដែលបុរស ៤ នាក់ បានសម្រុកចូលទៅក្នុងសាលប្រគំតន្ត្រី ក្រូកាស ស៊ីធី (Crocus City) កាលពីយប់ថ្ងៃសុក្រ ដោយបានបាញ់រះគ្រាប់កាំភ្លើងទៅលើអ្នកទស្សនាការប្រគំតន្ត្រី ហើយមនុស្សយ៉ាងហោចណាស់ ១៨០ នាក់បានរងរបួសក្នុងហេតុការណ៍នេះ។ ក្រុមរដ្ឋឥស្លាម បាននិយាយថា ក្រុមនេះទទួលខុសត្រូវចំពោះការវាយប្រហារ។
ប្រទេសបារាំង បានចូលរួមជាមួយសហរដ្ឋអាមេរិកក្នុងការនិយាយថា ក្រុមរដ្ឋឥស្លាម ជាអ្នកទទួលខុសត្រូវ ដោយប្រធានាធិបតីបារាំង លោក Emmanuel Macron បាននិយាយថា វានឹងក្លាយជា «ការប្រមាថ និងធ្វើឲ្យខូចប្រយោជន៍ប្រទេសរុស្ស៊ី ដើម្បីព្យាយាមបង្វែររឿងនេះមកដាក់លើអ៊ុយក្រែន។
លោក Macron និយាយថា ក្រុមដដែលនេះ បានព្យាយាមធ្វើសកម្មភាពជាច្រើនលើកនៅលើទឹកដីប្រទេសបារាំង។
ចាប់តាំងពីការវាយប្រហារមក ប្រជាជនរុស្ស៊ីរាប់រយនាក់ បានទៅដាក់ផ្កានៅខាងក្រៅសាលប្រគំតន្រ្តី Crocus ហើយសាលប្រគំតន្ត្រី St. Petersburg បានប្រកាសថា ក្រុមតន្រ្តី Picnic នឹងធ្វើការប្រគំតន្ត្រីរំលឹក នៅក្នុងទីក្រុង នៅថ្ងៃពុធ ដើម្បីផ្តល់ជំនួយដល់ជនរងគ្រោះ។