ប្រណាំងកង់៖ កីឡាករស្លូវេនី Tadej Pogacar ទីបំផុតអាចការពារតំណែងជើងឯកប្រណាំងកង់ព្រឹត្តិការណ៍ Grand Tour, Tour de France បានសំរេចបន្ទាប់ពីការប្រកួតបានបិទបញ្ចប់ដំណាក់កាលចុងក្រោយ នៅមហាវិថីហ្សង់អេលីហ្សេទីក្រុងប៉ារីសថ្ងៃអាទិត្យម្សិលមិញ។

កីឡាករវ័យ ២២ឆ្នាំរបស់ក្រុម UAE Team Emirate រូបនេះបានរក្សាការនាំមុខ ៥នាទី ២០វិនាទីរបស់ខ្លួនដែលជាគំលាតជាមួយអ្នកលេខ២ កីឡាករដាណឺម៉ាក Jonas Vingegaard និងលេខ៣ កីឡាករកូឡុំប៊ី Richard Carapaz ទោះដំណាក់កាលទី២០ និង ២១ ចុងក្រោយឈ្នះដោយកីឡាករប៊ែលហ្ស៊ិក Wout van Aert ក៏ដោយ។ Tadej Pogacar គឺជាអ្នកឈ្នះជើងឯក Tour de France លើកដំបូងឆ្នាំមុន និងជាអ្នកឈ្នះដែលមានវ័យក្មេងបំផុតក្នុងរយៈពេល ១១៦ឆ្នាំ។ ក្រៅពីឈ្នះជើងឯកឆ្នាំនេះ Tadej Pogacar ថែមទាំងជាកីឡាករឆ្នើមបំផុតប្រចាំព្រឹត្តិការណ៍ក្នុងដំណាក់កាលប្រណាំងលើស្ថានភាពផ្លូវភ្នំ និងជាកីឡាករវ័យក្មេងឆ្នើមបំផុតផងដែរ៕
អត្ថបទ៖នាង សុភាវុធ