ក្បួនធ្វើដំណើររបស់ជនអន្តោប្រវេសន៍រាប់រយនាក់ បានចាកចេញពីប្រទេសម៉ិកស៊ិកភាគខាងត្បូង កាលពីថ្ងៃចន្ទ ដោយសង្ឃឹមថានឹងបានទៅដល់សហរដ្ឋអាមេរិក។

ដោយធ្វើដំណើរចេញពីទីក្រុង តាប៉ាជូឡា (Tapachula) នៅជិតព្រំដែនប្រទេសកាតេម៉ាឡា ជនអន្តោប្រវេសន៍ បានដើរឆ្ពោះទៅរកផ្លូវហាយវ៉េ ដែលកាន់ឈើឆ្កាងជានិមិត្តរូប។

លោក លូអ៊ីស ហ្កាសៀ វីឡាហ្គ្រាន(Luis Garcia Villagran) ជាសកម្មជន និងជាអ្នករៀបចំការក្បួនដំណើរ បានសម្តែងការរិះគន់លើសេចក្តីស្នើច្បាប់ព្រឹទ្ធសភារបស់រដ្ឋតិចសាស់ SB 4 ដែលនឹងអនុញ្ញាតឱ្យអាជ្ញាធររដ្ឋចាប់ខ្លួន និងកាត់ទោសជនអន្តោប្រវេសន៍និងអ្នកស្វែងរកសិទ្ធិជ្រកកោន ដែលត្រូវបានសង្ស័យថា បានឆ្លងកាត់ព្រំដែនសហរដ្ឋអាមេរិក-ម៉ិកស៊ិក ដោយខុសច្បាប់។
ជនអន្តោប្រវេសន៍ ដែលធ្វើដំណើរជាក្រុមគ្រួសារ បានបង្ហាញពីបំណងចង់ចូលទៅកាន់សហរដ្ឋអាមេរិកដោយស្របច្បាប់ និងដោយសន្តិវិធី។