យោងតាមប្រព័ន្ធផ្សព្វផ្សាយ CNN Brasil ដែលបានដកស្រង់សម្តីរបស់អាជ្ញាធររដ្ឋ និយាយថា មនុស្សយ៉ាងហោចណាស់២៧នាក់បានស្លាប់ នៅភាគអាគ្នេយ៍ប្រទេសប្រេស៊ីល ខណៈទឹកភ្លៀងធ្លាក់នៅតែបន្តបំផ្លាញនៅផ្នែកមួយចំនួនរបស់ប្រទេសនេះ។

CNN Brasil បានរាយការណ៍ថា ចំនួនអ្នកស្លាប់ នៅក្នុងរដ្ឋ អេសស្ពីរីតូ សានតូ(Espirito Santo) ប្រទេសប្រេស៊ីល បានកើនឡើងដល់ ១៩នាក់ ហើយយ៉ាងហោចណាស់មនុស្ស៨នាក់ ផ្សេងទៀត បានស្លាប់នៅក្នុងរដ្ឋជិតខាង Rio de Janeiro។

យោងតាម CNN Brasil បានរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស ៦នាក់ នៅតែបាត់ខ្លួន ហើយមនុស្សជាង ៧.០០០នាក់ ត្រូវបានបង្ខំឱ្យភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេនៅក្នុងរដ្ឋ Espirito Santo។
យោងតាមការព្យាករណ៍ចុងក្រោយបានឲ្យដឹងថា ការព្រមានសម្រាប់ភ្លៀងធ្លាក់ខ្លាំង គឺធ្វើឡើងរហូតដល់ព្រឹកថ្ងៃអង្គារនេះ ដោយមានការគំរាមកំហែងបន្តនៃភ្លៀងធ្លាក់រាយប៉ាយ និងព្យុះនៅពាសពេញតំបន់ ដែលទឹកភ្លៀងអាចឡើងដល់ ៥០ មីលីម៉ែត្រ ក្នុងមួយថ្ងៃរហូតដល់ថ្ងៃអង្គារនេះ។
ជាមួយគ្នានេះ នឹងមានភ្លៀងធ្លាក់ខ្លាំង និងសក្តានុពលទឹកជំនន់ថ្មី នៅប្រទេសប្រេស៊ីលភាគកណ្តាល រហូតដល់ពាក់កណ្តាលសប្តាហ៍នេះ ដោយទឹកភ្លៀងប្រចាំថ្ងៃអាចឡើងដល់ ១០០ មីលីម៉ែត្រ ក្នុងរយៈពេល២៤ ម៉ោង។
ប្រធានាធិបតីប្រេស៊ីល លោក លូអ៊ីស អ៊ីណាស៊ីញ៉ូ លូឡា ដា ស៊ីលវ៉ា (Luiz Inacio Lula da Silva) បានបង្ហោះសារនៅលើបណ្តាញ X ដោយនិយាយថា រដ្ឋាភិបាលសហព័ន្ធ ចូលរួមសោកស្តាយជាមួយគ្រួសារដែលរងផលប៉ះពាល់ និង រំលែកទុក្ខជាមួយក្រុមគ្រួសារដែលមានអ្នកបាត់បង់ជីវិត ហើយកំពុងទាក់ទងជាប់ជានិច្ចជាមួយរដ្ឋាភិបាលរដ្ឋ និងក្រុង ដើម្បីការពារ ទប់ស្កាត់ និងជួសជុលការខូចខាតបង្កឡើងដោយទឹកជំនន់។